(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃពុធសប្តាហ៍នេះថា អាមេរិកនឹងចាប់ផ្តើមដាក់ពង្រាយ សព្វាវុធដែលមានសមត្ថភាពបាញ់បានចម្ងាយឆ្ងាយៗ នៅលើទឹកដីអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៦ ខណៈវាជាកិច្ចប្រឹងប្រែងមួយ ដើម្បីបង្ហាញពីការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះអង្គការ NATO និងការការពារសម្ព័ន្ធមិត្តអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។

សព្វាវុធទាំងនោះ នឹងរួមមានដូចជាមីស៉ីល SM-6 សម្រាប់ប្រឆាំងគោលដៅលើផ្ទៃអាកាស, មីស៉ីលគ្រូស Tomahawk ព្រមអាវុធល្បឿន​លឿនជាងសំឡេង ដែលមានសមត្ថភាពបាញ់បានឆ្ងាយ ជាងសព្វាវុធនានាដែលបំពាក់នៅអឺរ៉ុបសព្វថ្ងៃ។ សព្វាវុធបាញ់បានចម្ងាយលើស ៥០០គីឡូម៉ែត្រ ត្រូវបានហាមឃាត់មកទល់ឆ្នាំ២០១៩ ក្រោមសន្ធិសញ្ញាហៅកាត់ថា INF ដែលចុះហត្ថលេខាដោយ អតីតមេដឹកនាំរបស់​សហភាពសូវៀត លោក Mikhail Gorbachev និងអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan កាលពីឆ្នាំ១៩៨៧។ ដើម្បីឱ្យស្របតាមមហាអំណាចទាំងពីរ ប្រទេសដូចជាអាល្លឺម៉ង់ ហុងគ្រី ប៉ូឡូញ និងសាធារណរដ្ឋឆែក ក៏បានកម្ទេចមីស៉ីលរបស់ពួកគេដែរ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។

មកដល់ឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា INF ដោយចោទថា ទីក្រុងមូស្គូបានរំលោភសន្ធិសញ្ញានោះ តាមរយៈ​ការអភិវឌ្ឍមីស៉ីលគ្រូស 9M729 ដែល NATO ហៅថា SSC-8។ វិមានក្រឹមឡាំងរុស្ស៉ី បានច្រានចោលការចោទប្រកាន់របស់អាមេរិក ហើយបានដាក់បម្រាមលើខ្លួនឯង ជុំវិញការអភិវឌ្ឍមីស៉ីលដែលត្រូវបានហាមឃាត់ដោយ INF ពោលគឺមីស៉ីលបាលិស្ទីគ និងមីស៉ីលគ្រូស ដែលអាចបាញ់បាន ចម្ងាយចន្លោះពី៥០០គីឡូម៉ែត្រ ទៅ៥,៥០០គីឡូម៉ែត្រ។ យ៉ាងណាមិញ កាលពីចុងខែមិថុនា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូគួរតែបន្តការផលិតឡើងវិញ នូវមីស៉ីលអាចបំពាក់នុយក្លេអ៊ែរ រយៈចម្ងាយមធ្យមនិងខ្លី បន្ទាប់ពីសហរដ្ឋអាមេរិក បាននាំយកមីស៉ីលស្រៀងគ្នា មកកាន់អឺរ៉ុបនិងអាស៉ី។

គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៉ីបានសន្យាពុំដាក់ពង្រាយមីស៉ីលបែបនោះឡើយ ប៉ុន្តែខាងសហរដ្ឋអាមេរិក បានបន្តការផលិតពួកវា ហើយនាំយកមីស៉ីលទាំងនោះ មកកាន់ដាណឺម៉ាក ដើម្បីធ្វើសមយុទ្ធ ហើយក៏បាននាំទៅកាន់ហ្វីលីពីន ផងដែរ៕