(ណៃពិដោ)៖ នៅថ្ងៃព្រហស្បតិ៍នេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហាក់កំពុងតែព្យាយាមបំផ្លាញប្រទេសមួយ ដែលខ្លួនឯងមិនអាចគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។

អ្នករាយការណ៍ពិសេស UN លោក Tom Andrews បាននិយាយថា របបសឹកមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុតមួយ ដោយកំពុងបន្តបាត់បង់កងទ័ព មូលដ្ឋាន ព្រមទាំងតំបន់កាន់កាប់ ហើយលោកបានបន្តថា វាសឹងតែមើលទៅហាក់ដូចជា រដ្ឋាភិបាលយោធា កំពុងព្យាយាមបំផ្លិចបំផ្លាញប្រទេសមួយ ដែលខ្លួនឯងមិនអាចគ្រប់គ្រងបានតទៅទៀត យ៉ាងដូច្នោះ។ លោក Andrews បានបន្ថែមថា ការឆ្លើយតបរបស់យោធា ចំពោះការបាត់បង់របស់ខ្លួន មកទល់ពេលនេះ គឺការវាយប្រហារទៅលើជនស៉ីវិល ហើយលោកបានមើលឃើញ មានការកើនឡើងគួរកត់សម្គាល់ នៃការវាយប្រហារទៅលើសាលារៀន មន្ទីរពេទ្យ ក៏ដូចជាវត្តអារាម អំឡុងពេល៦ខែចុងក្រោយនេះ។

គួរបញ្ចាក់ថា ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ទើបតែដណ្តើមបានក្រុងមួយទៀតពីយោធា ស្ថិតនៅបណ្តោយផ្លូវហាយវេដ៏សំខាន់ ឆ្ពោះទៅកាន់ខេត្ត Yunnan នៃប្រទេសចិន ក្រោយការប៉ះទង្គិចគ្នាអស់ជាច្រើនថ្ងៃ។ រដ្ឋ Shan ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ត្រូវបាន​អង្រួនដោយការប្រយុទ្ធគ្នា ចាប់តាំងតែពីចុងខែមុនមក នៅពេលសម្ព័ន្ធភាពនៃក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ដែលចាប់ផ្តើមឡើងវិញ នូវការវាយលុកប្រឆាំងរបបសឹកមីយ៉ាន់ម៉ា។ ការប៉ះទង្គិចគ្នាបានធ្វើឱ្យដួលរលំបទឈប់បាញ់មួយ សម្រេចបានក្រោមការសម្របសម្រួលពី​ទីក្រុងប៉េកាំង ដែលបានជួយផ្អាក ការវាយលុករបស់សម្ព័ន្ធភាពរវាងក្រុម Arakan Army (AA), Myanmar National Democratic Alliance Army (MNDAA) និង Ta'ang National Liberation Army (TNLA)៕