(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្រ្តីនៃប្រទេសអេស្ប៉ាញ លោក Pedro Sanchez បានអំពាវនាវដល់លោកខាងលិចកុំអនុវត្តស្តង់ដារពីរ ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា ខណៈដែលលោកសម្តែងការគាំទ្រចំពោះអ៊ុយក្រែន រួមជាមួយមេដឹកនាំសមាជិកណាតូផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។

លោក Sanchez បានប្រាប់កិច្ចប្រជុំកំពូលលើកទី ៧៥របស់អង្គការណាតូ (NATO) នៅទីក្រុងវ៉ាស៉ីនតោន យ៉ាងដូច្នេះថា «ប្រសិនបើយើងប្រាប់ប្រជាជនថា យើងកំពុងគាំទ្រអ៊ុយក្រែនពីព្រោះយើងចង់ការពារច្បាប់អន្តរជាតិ ដូច្នេះវាក៏ជាអ្វីដែលយើងត្រូវធ្វើ សម្រាប់តំបន់ហ្កាហ្សាដែរ។ ដូចមេដឹកនាំសង្គមនិយមលើកឡើងថា គួរតែមានការប្រកាន់គោលជំហរនយោបាយជាប់លាប់ ដូច្នេះក៏មិនត្រូវឱ្យមានការអនុវត្តស្តង់ដារពីរដែរ»។ លោក Sanchez បន្ថែមថា ពិភពលោកចាំបាច់ត្រូវបញ្ឈប់វិបត្តិមនុស្សធម៌ដ៏អាក្រក់ ហើយអំពាវនាវឱ្យមានសន្និសីទសន្តិភាពអន្តរជាតិ ដើម្បីជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីន។

គួរបញ្ជាក់ថា អេស្ប៉ាញក្រោមការដឹកនាំរបស់ លោក Sanchez បានធ្វើឱ្យរដ្ឋាភិបាលស្តាំនិយមអ៉ីស្រាអែលខឹងសម្បារ ដោយសារតែការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងការរិះគន់សកម្មភាពរបស់អ៉ីស្រាអែល ក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស៕