Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

NATO ថាប្រព័ន្ធខែលការពារមីស៉ីលបាលីស្ទីក ត្រូវបានបំពាក់រួចរាល់ហើយនៅប៉ូឡូញ (Video inside)

11-07-2024 11:57

(វ៉ាស៉ីនតោន)៖ បក្សសម្ព័ន្ធយោធាលោកខាងលិច បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រព័ន្ធការពារដែនអាកាសថ្មីមួយរបស់សហរដ្ឋអាមេរិក នៅឯភាគខាងជើងនៃប្រទេសប៉ូឡូញ ដែលបំពាក់ដើម្បីតាមដាន ស្ទាក់ចាប់ការវាយប្រហារដោយមីស៉ីលបាលីស្ទីក និងជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូនោះ គឺបានរៀបចំរួចរាល់អស់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤។

ប្រព័ន្ធខែលការពារមីស៉ីលបាលីស្ទីក Aegis Ashore ត្រូវបានដាក់នៅទីក្រុង Redzikowo ភាគខាងជើងនៃប្រទេសប៉ូឡូញ ហើយមានសមត្ថភាពស្ទាក់ចាប់មីស៉ីលផ្លោងរយៈចម្ងាយខ្លីទៅមធ្យម។ បើតាមប្រមុខនៃអង្គការណាតូ លោក Jens Stoltenberg ការត្រៀមខ្លួនជាមូលដ្ឋាននេះជាជំហានដ៏សំខាន់មួយ សម្រាប់វិស័យសន្តិសុខឆ្លងអាត្លង់ទិក ចំពោះមុខការគំរាមកំហែងកាន់តែខ្លាំង។

លោក Stoltenberg បានគូសបញ្ជាក់ថា «ក្នុងនាមជាសម្ព័ន្ធមិត្តផ្នែកការពារជាតិ យើងមិនអាចព្រងើយកន្តើយបានទេ។ ការការពារពីការវាយប្រហារដោយមីស៉ីល គឺជាធាតុសំខាន់ក្នុងភារកិច្ចស្នូលរបស់អង្គការណាតូ ក្នុងវិស័យការពារជាតិ។ ជាការកត់សម្គាល់ មីស៉ីលបាលីស្ទីកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ទាំងក្នុងសង្រ្គាមនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា»

គួរបញ្ជាក់ថា ការប្រកាសរបស់ លោក Stoltenberg ធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន។ ក្រៅពីប៉ូឡូញហើយ ប្រព័ន្ធខែលការពារមីស៉ីល Aegis Ashore ទីពីរក៏ត្រូវបានដំឡើងនៅក្នុងប្រទេសរូម៉ានី រួមជាមួយនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក នៅកំពង់ផែ Rota របស់អេស្ប៉ាញ និងរ៉ាដាចាប់សញ្ញានៅទីក្រុង Kurecik របស់តួកគីផងដែរ៕