(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្ដើមបញ្ជូនគ្រាប់បែកទម្ងន់ ២២០គីឡូក្រាម ទៅឱ្យអ៉ីស្រាអែលឡើងវិញ ប៉ុន្តែនឹងមិនផ្គត់ផ្គង់ គ្រាប់បែកទម្ងន់ ៩០០គីឡូម៉ែត្រនោះទេ ដោយសារបារម្ភថាគ្រាប់បែកខ្នាតធំនេះអាចនឹងត្រូវបានប្រើប្រាស់លើតំបន់មានដង់ស៊ីតេប្រជាជនរស់នៅច្រើន ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិក កាលពីខែឧសភា បានប្រកាសផ្អាកការបញ្ជូនគ្រាប់បែកទម្ងន់ ៩០០គីឡូក្រាម និងគ្រាប់បែកទម្ងន់ ២២០គីឡូក្រាម ដ្បិតបារម្ភថាគ្រាប់បែកទាំងនេះអាច នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិលក្នុងតំបន់ហ្កាហ្សា ជាពិសេសក្នុងទីក្រុង Rafah តែម្ដង។ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកម្នាក់បានប្រាប់ Reuters ថាទីក្រុងវ៉ាស៊ីនតោននៅតែមានការព្រួយបារម្ភចំពោះលទ្ធភាពនៃការប្រើប្រាស់គ្រាប់បែកទម្ងន់ ៩០០គីឡូក្រាមក្នុងទីក្រុង Rafah និងទីតាំងផ្សេងទៀតក្នុងតំបន់ហ្កាហ្សា តែគ្រាប់បែកទម្ងន់ ២២០គីឡូក្រាម មិនស្ថិតនៅក្នុងការបារម្ភនេះទេ ដូច្នេះវានឹងត្រូវបានបញ្ជូនឱ្យអ៉ីស្រាអែលឡើងវិញ។

គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថាទីក្រុងវ៉ាស៊ីនតោនបានផ្អាកការផ្គត់ផ្គង់អាវុធ តែអំឡុង ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយថាកិច្ចពិភាក្សាលើបញ្ហាផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិកសម្រាប់អ៉ីស្រាអែល មានភាពរីកចម្រើន ហើយឧបសគ្គមួយចំនួនត្រូវបានដោះស្រាយ៕