(សេអ៊ូល)៖ កូរ៉េខាងត្បូង នឹងដាក់ពង្រាយអាវុធឡាស៊ែរ ដើម្បីបាញ់ទម្លាក់ដ្រូនកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ ដោយនឹងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែល ដាក់ពង្រាយ និងធ្វើប្រតិបត្តិការអាវុធប្រភេទនេះនៅក្នុងយោធា។ នេះបើតាមទីភ្នាក់ងារទិញអាវុធរបស់កូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋបាលកម្មវិធីទិញអាវុធរបស់កូរ៉េខាងត្បូង DAPA បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដានេះថាអាវុធឡាស៊ែរប្រឆាំងនឹងដ្រូន ដែល យោធាកូរ៉េខាងត្បូងបានអភិវឌ្ឍជាមួយក្រុមហ៊ុន Hanwha Aerospace គឺមានប្រសិទ្ធភាព និងមានតម្លៃថោកត្រឹមតែ ២០០០វ៉ុន ឬ១.៤៥ដុល្លារ ក្នុងការបាញ់ចេញម្ដង ដោយស្ងាត់ៗ និងមិនអាចមើលឃើញ។

តាម DAPA គម្រោងដាក់ពង្រាយអាវុធឡាស៊ែរខាងលើមានឈ្មោះថា «StarWars project»។ ទីភ្នាក់នេះដដែលបានបន្ថែមថា «ប្រទេសរបស់យើងកំពុងក្លាយជា ប្រទេសដំបូងគេក្នុងពិភពលោកដែលនឹងដាក់ពង្រាយ និងធ្វើប្រតិបត្តិការអាវុធឡាស៊ែរ ហើយសមត្ថភាពឆ្លើយតបរបស់យោធារបស់យើងប្រឆាំងនឹងការបង្ករឿងណាមួយ ពីដ្រូនកូរ៉េខាងជើងនឹងត្រូវបានពង្រឹងឱ្យកាន់តែខ្លាំងឡើង»

គួរបញ្ជាក់ថា​ កាលពីខែធ្នូ ឆ្នាំ២០២៣ យោធាកូរ៉េខាងត្បូងបានរាយការណ៍ថាដ្រូនកូរ៉េខាងជើង ៥គ្រឿងបានឆ្លងចូលកូរ៉េខាងត្បូង ដោយជំរុញទីក្រុងសេអ៊ូល បញ្ជូន យន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធធ្វើអន្តរាគមន៍ បាញ់ទម្លាក់ដ្រូនទាំងនោះដែលបានបំពានចូលកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក៕