(វ៉ាស៊ីនតោន)៖ សម្ព័ន្ធមិត្ត​ NATO កាលពីថ្ងៃពុធ ទី១០ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសថាពួកគេបានចាប់ផ្ដើមបញ្ជូនយន្ដហោះចម្បាំង​ F-16 ទៅឱ្យអ៊ុយក្រែនហើយ ខណៈនៅតែប្ដេជ្ញាចិត្តផ្ដល់សមាជិកភាព NATO សម្រាប់ទីក្រុងកៀវនៅថ្ងៃអនាគត នៅឯកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុ វ៉ាស៊ីនតោន នាឱកាសខួប ៧៥ឆ្នាំនៃបក្សសម្ព័ន្ធយោធាមួយនេះ ដែលគ្របដណ្ដប់ដោយភាពមិនច្បាស់លាស់នៃនយោបាយក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសពីការបញ្ជូនយន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន ត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានប្ដេជ្ញាថា នឹងការពារទឹកដី NATO គ្រប់ចំអាមទាំងអស់។ ថ្លែងទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង ដែលជាស្ថាប័នធ្វើការសម្រេចចិត្តផ្លូវការរបស់ NATO លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងអាច ហើយនឹងការពារទឹកដី NATO គ្រប់ចំអាមទាំងអស់ ហើយយើងធ្វើវាជាមួយគ្នា»។ លោក បៃដិន បានបន្ថែមទៀតថាប្រទេស ដាណឺម៉ាក និងហូឡង់ បានចាប់ផ្ដើមបញ្ជូនយន្ដហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែនហើយ ទៅតាមពាក្យសន្យាកាលពីឆ្នាំមុន។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានអះអាងដែរថាការបញ្ជូនយន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន គឺជាការបញ្ជូនសារ មួយយ៉ាងច្បាស់ទៅកាន់លោក ពូទីន ថា «លោកមិនអាចទ្រាំបានយូរជាងអ៊ុយក្រែន ហើយក៏មិនអាចទ្រាំបានយូរជាងពួកយើងនោះដែរ»

គួរបញ្ជាក់ថា មិនមានការបញ្ជាក់ថាតើមានយន្ដហោះចម្បាំង​ F-16​ ចំនួនប៉ុន្មានគ្រឿងនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែននោះទេ។ ប៉ុន្តែកន្លងមក ដាណឺម៉ាកបានសន្យាឱ្យ យន្ដហោះចម្បាំងដ៏ទំនើបមួយនេះ ១៩គ្រឿង ខណៈហូឡង់ថាឱ្យ២៤គ្រឿង។ ចំណែក ប្រទេសន័រវែស កាលពីថ្ងៃពុធក៏បានប្រកាសផ្ដល់ F-16 ចំនួន ៦គ្រឿង ទៅឱ្យអ៊ុយក្រែន និងមានគម្រោងចាប់ផ្ដើមប្រគល់ឱ្យក្នុងឆ្នាំនេះ៕