(ន័រវែស)៖ នៅក្នុងកិច្ចប្រជុំកំពូលណាតូ ប្រទេសន័រវែសបានប្រកាសផ្តល់យន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿងដល់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះក្នុងការការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

រដ្ឋាភិបាលន័រវែសបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់ជូនយន្តហោះចម្បាំង F-16 ចំនួន ៦ គ្រឿងដល់ប្រទេសអ៊ុយក្រែន ស្របពេលដែលមេដឹកនាំណាតូ កំពុងចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន។ ការប្រគល់យន្តហោះចម្បាំង F-16 ដោយប្រទេសន័រវែសត្រូវបានគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤។

យន្តហោះចម្បាំង F-16 ត្រូវបានគេរំពឹងថានឹងជួយអ៊ុយក្រែនការពារខ្លួន ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ យន្តហោះចម្បាំងនេះត្រូវបានបំពាក់ដោយកាំភ្លើង 20mm និងអាចផ្ទុកគ្រាប់បែក រ៉ុក្កែត និងមីស៊ីល។ លោកនាយករដ្ឋមន្ត្រីន័រវែស Jonas Gahr Stoere បាននិយាយថា «រួមបញ្ចូលជាមួយប្រព័ន្ធការពារដែនអាកាស យន្តហោះចម្បាំងនេះនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យជនជាតិអ៊ុយក្រែន អាចការពារខ្លួនពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី»។

ន័រវែសបានបញ្ជូនយន្តហោះ F-16 ចំនួនពីរគ្រឿងរួចមកហើយ ទៅកាន់ប្រទេសដាណឺម៉ាក ដើម្បីប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន។ ការសម្រេចចិត្តផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែន ត្រូវបានធ្វើឡើងកាលពីខែសីហា ឆ្នាំមុន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនយន្តហោះនៅពេលនោះទេ។

គួរបញ្ជាក់ថា ប្រទេសដាណឺម៉ាក និងហូឡង់ ក៏បានប្តេជ្ញាផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែនផងដែរ។ ដាណឺម៉ាកបានប្តេជ្ញាបរិច្ចាគយន្តហោះចំនួន ១៩គ្រឿង ខណៈដែលប្រទេសហូឡង់បានសន្យាផ្តល់យន្តហោះចំនួន ២៤គ្រឿង។ ប្រទេសទាំងពីរនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអ៊ុយក្រែនទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី៕