(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាវុធអ៊ុយក្រែន Ukroboronprom គ្រប់គ្រងដោយរដ្ឋ បានបើកការិយាល័យក្រៅប្រទេសដំបូងរបស់ខ្លួន នៅក្នុងទីក្រុងវ៉ាស៉ីនតោននៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈទីក្រុងកៀវស្វែងរកការធ្វើការកាន់តែជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្ត ដើម្បីជំរុញផលិតកម្មអាវុធ និងសម្រាប់ធ្វើសង្រ្គាមជាមួយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែន លោក Oleksandr Kamyshin បានបង្ហោះសារតាមបណ្តាញសង្គម X យ៉ាងដូច្នេះថា «ភារកិច្ចចម្បងនៃការិយាល័យនោះ គឺដើម្បីលើកកម្ពស់គម្រោងការពារជាតិសហរដ្ឋអាមេរិក-អ៊ុយក្រែន និងបង្កើនការរួមបញ្ចូលគ្នា ទៅក្នុងមូលដ្ឋានឧស្សាហកម្មការពារជាតិ របស់អង្គការណាតូ (NATO)»។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីចូលឈ្លានពាន នៅឆ្នាំ ២០២២ អ៊ុយក្រែនបានស្វែងរកការកសាងវិស័យអាវុធក្នុងស្រុក ហើយបានជំរុញឱ្យសម្ព័ន្ធមិត្តយល់ព្រមលើការបណ្តាក់ទុនរួមគ្នា វិនិយោគក្នុងអាជីវកម្មអ៊ុយក្រែន និងដាក់ការបញ្ជាទិញអាវុធពីអ៊ុយក្រែន។ វិស័យការពារជាតិអ៊ុយក្រែន ដែលជាប់គាំងអស់រយៈពេលច្រើនទស្សវត្សមកហើយ ដោយសារតែការវិនិយោគមិនគ្រប់គ្រាន់ ស្តង់ដារមិនច្បាស់លាស់ និងអំពើពុករលួយនោះ ពេលនេះកំពុងព្យាយាមប្រកួតប្រជែង ជាមួយឧស្សាហកម្មអាវុធទំនើបៗរបស់រុស្ស៉ី។
កាលពីឆ្នាំមុន ទីក្រុងកៀវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាវុធចំនួន ២របស់សហរដ្ឋអាមេរិក ក្នុងការផលិតគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ នៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាមិនទាន់អាចដំណើការបាន ក្នុងរយៈពេលយ៉ាងហោចណាស់ពីរឆ្នាំក៏ដោយ៕