(ប៉េកាំង)៖ ពេលថ្មីៗនេះ កិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO)បានប្រារព្ធធ្វើនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការពិគ្រោះពិភាក្សា អំពីផែនការអភិវឌ្ឍន៍ និងប្រមូលផ្តុំគំនិតឯកភាពរួម នៃកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនានាក្នុងតំបន់ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមាននិងកម្លាំងចលករថ្មី កាន់តែច្រើនសម្រាប់គាំពារសន្តិភាពនិងវិបុលភាព នៃមហាដីគោកអឺរ៉ាស៊ីនិងពិភពលោក។

បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់កើតមាន ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅ កំពុងវិវត្តទៅមុខយ៉ាងលឿន ស្ថានការណ៍អន្តរជាតិ កំពុងជួបនឹងភាពរង្គោះរង្គើ ដូច្នេះ ក្តីរំពឹងទុករបស់ប្រជាជននៃបណ្តាប្រទេសនៅតំបន់អឺរ៉ាស៊ី ចំពោះសន្តិភាពនិងការអភិវឌ្ឍ មានភាពកាន់តែខ្លាំងក្លានិងគោលបំណង ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយប្រទេសចិនមានភាពកាន់តែមុតមាំ ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅតំបន់អាស៊ីកណ្តាល គឺជាសកម្មភាពការទូតដ៏សំខាន់មួយទៀត ដែលធ្វើឡើងដោយប្រទេសចិនចំពោះបណ្តាប្រទេសអាស៊ីកណ្តាល និងមហាដីគោកអឺរ៉ាស៊ី ដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការជំរុញការកសាងសហគមន៍រួមវាសនា នៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលមានភាពកាន់តែជិតស្និទ្ធ និងគ្រោងផែនការគោលថ្មី សម្រាប់ជំរុញការអភិវឌ្ឍ ទំនាក់ទំនងមិត្តភាពចិន-កាហ្សាក់ស្ថាននិងចិន-តាជីគីស្ថាន ក៏ដូចជារួមចំណែកជាពុទ្ធិចិននិងកម្លាំងចិន ក្នុងការគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួមផងដែរ។

សូមបញ្ជាក់ថា អង្គការសហប្រតិបត្តិការសៀងហៃគឺជាអង្គការសហប្រតិបត្តិការ ក្នុងតំបន់ដែលមានចំនួនប្រជាជនច្រើនបំផុត និងមានទឹកដីដ៏ធំល្វឹងល្វើយបំផុត នៅលើពិភពលោក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាព នៅក្នុងតំបន់និងពិភពលោក។ ក្នុងនាមជា ប្រទេសស្ថាបនិកមួយ ក្នុងចំណោមរដ្ឋស្ថាបនិកនៃអង្គការ SCO ប្រទេសចិនបានតម្កល់ទុកការជំរុញការអភិវឌ្ឍ នៃអង្គការសហប្រតិបត្តិការសៀងហៃ ជាទិសដៅអាទិភាពក្នុងកិច្ចការទូតរបស់ខ្លួន ។ ពីការលើកឡើងនូវទស្សនៈអភិវឌ្ឍន៍ ទស្សនៈសន្តិសុខ ទស្សនៈសហប្រតិបត្តិការ ទស្សនៈអរិយធម៌ និងទស្សនៈអភិបាលកិច្ចសកល របស់ចិនដល់ការកសាង "សហគមន៍រួមសុខាភិបាល" "សហគមន៍រួមសន្តិសុខ" "សហគមន៍រួមអភិវឌ្ឍន៍" និង "សហគមន៍រួមវប្បធម៌មនុស្សជាតិ" រហូតដល់ការអធិប្បាយពីខ្លឹមសារជាស្នូល នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានផ្តល់ជា "ផែនការចិន" សម្រាប់កសាងសហគមន៍រួមវាសនាក្នុងតំបន់ និងទំនាក់ទំនងអន្តរជាតិបែបថ្មី។

កាលពីឆ្នាំ ២០១៣ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់សេដ្ឋកិច្ចនៃផ្លូវសូត្រ" ជាលើកដំបូង ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អង្គការ SCO បានក្លាយជាវេទិកាដ៏សំខាន់មួយ សម្រាប់ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ប្រទេសនានាក្នុងតំបន់ ដែលត្រូវគ្របដណ្តប់ទាំងនោះ បានប្រែពីកិច្ចសហប្រតិបត្តិការ នៃគម្រោងទៅជាការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ពីកិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានពង្រីកទៅដល់កិច្ចសហប្រតិបត្តិការពហុភាគី ហើយកម្លាំងរស់រវើកនៃសេដ្ឋកិច្ចក្នុងតំបន់ ត្រូវបានបំផុសនិងការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា នៃប្រទេសក្នុងតំបន់មានអនាគត យ៉ាងទូលំទូលាយ។

យើងបានមើលឃើញថា គំនិតផ្តួចផ្តើមរបស់ចិន ដូចជាការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" និងការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិជាដើម ត្រូវបានដាក់បញ្ចូលទៅក្នុង បញ្ជីឯកសារសមិទ្ធផល នៃយន្តការអង្គការសហប្រតិបត្តិការសៀងហៃ ចំណែកគំនិតផ្តួចផ្តើមរបស់ចិនដូចជា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលជាដើម ទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកក្នុងអង្គការនេះ។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ អង្គការ SCO បានផ្តោតសំខាន់លើសន្តិភាពនិងការអភិវឌ្ឍ ហើយបានដើរតាមផ្លូវអភិវឌ្ឍន៍ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះនិងវិបុលភាពរួម ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃអង្គការ SCO ។ ពីការធ្វើកិច្ចសហប្រតិបតិ្តការ ក្នុងការបង្ក្រាប "កម្លាំងជ្រុលនិយមទាំងបី" និងរួមគ្នាទប់ស្កាត់ការរីករាលដាល នៃគ្រឿងញៀនដល់ការធ្វើសមយុទ្ធយោធារួម ប្រឆាំងនឹងភេរវកម្មនិងការកំណត់ នូវយន្តការកិច្ចប្រជុំគ្រប់ជាន់ថ្នាក់ សមត្ថភាពរបស់អង្គការ SCO ក្នុងការដោះស្រាយហានិភ័យខាងសន្តិសុខ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

ដោយឡែកក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកបានផ្តល់កម្លាំងចលករដ៏មានស្ថិរភាព ដល់ការអភិវឌ្ឍនៃអង្គការ SCO។ យោងតាម«របាយការណ៍ស្តីពីការអភិវឌ្ឍ ពាណិជ្ជកម្មក្នុងរយៈពេល២០ឆ្នាំបន្ទាប់ពីបង្កើត អង្គការសហប្រតិបត្តិការសៀងហៃ» ដែលចេញផ្សាយកាលពីឆ្នាំ ២០២២ បង្ហាញឱ្យឃើញថា ទំហំពាណិជ្ជកម្មសរុបនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ បានកើនឡើងជិត ១០០ ដងក្នុងរយៈពេល ២០ ឆ្នាំ ដែលសមាមាត្រក្នុងទំហំពាណិជ្ជកម្មសរុប ជាសកលបានកើនឡើងពី ៥,៤ ភាគរយក្នុងឆ្នាំ ២០០១ ទៅដល់ ១៧,៥ ភាគរយក្នុងឆ្នាំ ២០២០ ហើយឥទ្ធិពលនៃពាណិជ្ជកម្មសកលរបស់ រដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃបានបន្តកើនឡើង។

ការអភិវឌ្ឍនៃអង្គការ SCO គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវ "ស្មារតីសៀងហៃ" ហើយក៏បានបង្ហាញពីកម្លាំងជីវិតនៃ "ស្មារតីសៀងហៃ" ផងដែរ។ ក្នុងរយៈពេលជាង ២០ ឆ្នាំបន្ទាប់ពីបានបង្កើតឡើងមក អង្គការ SCO បានបង្កើតរូបមន្តសហប្រតិបត្តិការបែបថ្មី សម្រាប់ប្រទេសដែលមានរបបសង្គម និងផ្លូវអភិវឌ្ឍន៍ខុសៗគ្នាក្នុងការរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបតិ្តការ ការបើកទូលាយនិងឈ្នះឈ្នះ បរិយាប័ន្ននិងការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយបានបង្កើតជាគំរូនៃទំនាក់ទំនងអន្តរជាតិ បែបថ្មីនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់បែបថ្មី ។ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិ ដែលបាននិងកំពុងកើតមាន បម្រែបម្រួល យ៉ាងស្មុគស្មាញនិងស៊ីជម្រៅ ព្រមនិងបញ្ហាប្រឈមសកលសំខាន់ៗ ប្រទេសចិនបានបំពេញបន្ថែមនិងកែលំអជាបន្តបន្ទាប់ នូវខ្លឹមសារក្នុងយុគសម័យថ្មីនៃ "ស្មារតីសៀងហៃ" តាមរយៈការខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជារបស់ខ្លួន។

ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលពុំធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍កន្លងមក រដ្ឋសមាជិកនានា នៃអង្គការសហប្រតិបត្តិការសៀងហៃ ត្រូវជ្រោងទង់នៃ "ស្មារតីសៀងហៃ" បង្កើនការកសាងទំនុកចិត្តទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ខិតខំសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចរៀងៗខ្លួន ជំរុញការយោគយល់គ្នានិងរាប់អានគ្នាទៅវិញទៅមក រវាងប្រជាជននៃបណ្តាប្រទេសនានា ក៏ដូចជាបន្តដើរតាមផ្លូវត្រឹមត្រូវ ដែលឆ្ពោះទៅរកការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិនិងសម្របទៅតាម ចរន្តយុគសម័យនៃសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដើម្បីជំរុញការកសាងពិភពលោកកាន់តែល្អបវរ។

ប្រវត្តិសាស្ត្របាននិងបន្តបញ្ជាក់ថា ការប្រកាន់ខ្ជាប់ចំណងមេត្រីភាពនិងសុខដុមរមនា ជាមួយប្រទេសជិតខាងមុខជានឹងជម្នះលើ ការយកប្រទេសជិតខាងជាសត្រូវ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មុខជានឹងជំនួសការប្រកួតប្រជែង ផលបូកសូន្យបាន ហើយពហុភាគីនិយមមុខជានឹង ជម្នះឯកតោភាគីនិយម ជាក់ជាមិនខាន។ បន្ទាប់ពីកិច្ចប្រជុំកំពូល Astana ប្រទេសចិននឹងធ្វើជាប្រធានប្តូរវេន នៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៤-២០២៥ ។ ប្រទេសចិននឹងរួមសហការ ជាមួយគ្រប់ភាគី ក្រោមការណែនាំនៃ "ស្មារតីសៀងហៃ" ធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកិច្ចសហប្រតិបត្តិការ ក្នុងគ្រប់វិស័យ ដូចជានយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនជាដើម ដើម្បីជំរុញការកសាង សហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលមានភាពកាន់តែស្អិតល្មួត ក៏ដូចជារួមចំណែកជាកម្លាំងកាន់តែច្រើន ក្នុងការគាំពារសន្តិភាពយូរអង្វែង និងវិបុលភាពរួមនៃពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន