(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov បានអំពាវនាវដល់ជនជាតិអ៊ុយក្រែននៅទូទាំងអឺរ៉ុប ឱ្យចូលបម្រើក្នុងកងពលការពារអ៊ុយក្រែន ដែលមានមូលដ្ឋាននៅប្រទេសប៉ូឡូញ ដោយពណ៌នាថាវាគឺជាជំហានដ៏សំខាន់មួយ នៃការកែលម្អការត្រៀមលក្ខណៈប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី ជាមួយនិងជំនួយអាវុធរបស់លោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០២៤។

ការបង្កើតកងពលការពារអ៊ុយក្រែន គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខជាមួយប៉ូឡូញ ដែលហាក់ដូចជាមធ្យោបាយមួយ ដើម្បីបង្កើនចំនួនយោធាប្រឆាំងកងកម្លាំងរុស្ស៉ី ហើយត្រូវបានប្រកាសដោយលោកប្រធានាធិបតី Volodymyr Zelenskiy កាលពីដើមសប្តាហ៍នេះ នៅក្នុងទីក្រុងវ៉ាសូវី។ លោក Umerov និយាយថា ផែនការនេះក៏នឹងផ្តល់ឱ្យទាហានអ៊ុយក្រែននូវសមត្ថភាព ប្រើប្រាស់អាវុធដែលអាចរកបានពីដៃគូខាងលិច ផងដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែន បានរៀបចំផែនការជាច្រើនដើម្បីរក្សា និងបង្កើនចំនួននៃបុគ្គលិកក្នុងជួរកងកម្លាំងប្រដាប់អា​វុធរបស់ខ្លួន រួមទាំងការអនុម័តច្បាប់ស្តីពីការចល័តទ័ពកាលពីខែមេសា ដែលនឹងកាត់បន្ថយអាយុអ្នកចូលបម្រើកងទ័ព ពីអាយុ ២៧ឆ្នាំមកត្រឹម ២៥ឆ្នាំ៕