(វ៉ាស៉ីនតោន)៖ ពលរដ្ឋអាមេរិករាប់លាននាក់នៅភាគអាគ្នេយ៍នៃរដ្ឋ Texas ត្រូវប្រឈមនឹងលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈមិនទាន់ជួសជុលរួចរាល់ផង នូវបណ្តាញអគ្គិសនីដែលត្រូវបានកាត់ផ្តាច់ដោយព្យុះត្រូពិក Beryl។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០២៤។

សេវាអាកាសធាតុជាតិ (National Weather Service) បានឱ្យដឹងថា អាជីវកម្ម និងផ្ទះប្រជាពលរដ្ឋប្រហែល ២លានខ្នងនៅរដ្ឋក្នុង Texas កំពុងគ្មានអគ្គិសនីប្រើប្រាស់ ខណៈដែលសីតុណ្ហភាព បានឡើងលើសពី ៣៨អង្សាសេ នៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ National Weather Service បញ្ជាក់ថា «ដោយគ្មានថាមពលអគ្គិសនីនៅទូទាំងភាគអាគ្នេយ៍នៃរដ្ឋ Texas បន្ទាប់ពីព្យុះ Beryl និងការដែលមិនអាចប្រើម៉ាស៉ីនត្រជាក់បាន ទំនងជាបង្កើតលក្ខខណ្ឌគ្រោះថ្នាក់»។ សរុបមក មនុស្សប្រហែល ១២៨លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក ត្រូវស្ថិតក្រោមការណែនាំពីអាកាសធាតុក្តៅ កាលពីថ្ងៃអង្គារ។ ភាគច្រើននៃប៉ែកខាងលិចភាគ គឺចាប់ពីទីក្រុង Seattle មកដល់រដ្ឋ California និង Arizona អាចមានសីតុណ្ហភាពខ្ពស់ជាងគេ។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញឧតុនិយមកាណាដា រលកកំដៅនេះក៏បាននាំឱ្យសីតុណ្ហភាពនៅទូទាំងភាគខាងលិចនៃប្រទេស កើនឡើងផងដែរ ហើយបង្កើនហានិភ័យនៃភ្លើងឆេះព្រៃ។ ទីភ្នាក់ងារអាកាសធាតុសហព័ន្ធ បានចេញការព្រមានពីកំដៅសម្រាប់ផ្នែកខ្លះ នៃខេត្តឆ្នេរសមុទ្រក្នុងតំបន់ប៉ាស៊ីហ្វិក គឺខេត្ត British Columbia ដែលជាខេត្តផលិតប្រេងដ៏សំខាន់របស់កាណាដា៕