(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធនេះថា ផ្នែកខ្លះនៃប្រទេសអាស៉ីបូព៌ាមួយនេះ បានទទួលរងការធ្លាក់ភ្លៀង ក្នុងកម្រិតដែលជាទូទៅតែងត្រូវបានមើលឃើញ រៀងរាល់២០០ឆ្នាំម្តងប៉ុណ្ណោះ ខណៈក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បានរាយការណ៍ថា មនុស្សចំនួន៤នាក់បានស្លាប់ អំឡុងការធ្លាក់ភ្លៀងដ៏ខ្លាំងក្លានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤។
មន្រ្តីមួយរូបនៃទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានប្រាប់ AFP យ៉ាងដូច្នេះថា «តំបន់ចំនួន៣ បានមើលឃើញកម្រិតភ្លៀងធ្លាក់ខ្ពស់បំផុត ហើយលទ្ធភាពនៃកម្រិតខ្ពស់បែបនោះ គឺតែងជួបប្រទះតែរៀងរាល់២០០ឆ្នាំម្តងប៉ុណ្ណោះ»។ តំបន់ទាំង៣ រួមមាន Geumsan នៅខេត្ត Chungcheong ខាងត្បូង, Chupungnyeong នៅខេត្ត Chungcheong ខាងជើង និង Gunsan នៅខេត្ត Jeolla ខាងជើង។ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យទឹកក្នុងទន្លេមួយចំនួន ហូរឡើងខ្ពស់ផុតពីមាត់ច្រាំង ហើយផ្លូវថ្នល់ជាច្រើន ត្រូវបានជន់លិច ខណៈមនុស្ស៤នាក់ បានបាត់បង់ជីវិត។
គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំមុន មនុស្សជាង១០នាក់ បានស្លាប់នៅកូរ៉េខាងត្បូង ពេលដែលផ្លូវរូងក្រោមដីមួយ ត្រូវបានទឹកជន់លិចលឿនខ្លាំងពេក ជាហេតុធ្វើឱ្យយានយន្តធ្វើដំណើរក្នុងនោះ មិនមានពេលគ្រប់គ្រាន់ដើម្បីចាកចេញ។ ប្រទេសអាស៉ីបូព៌ាមួយនេះ ក៏បានទទួលរងការធ្លាក់ភ្លៀងធ្ងន់ធ្ងរ និងទឹកជំនន់កាលពីឆ្នាំ២០២២ផងដែរ ដោយមានមនុស្សស្លាប់លើស១០នាក់៕