(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី Karine Jean-Pierre បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៉ី ផ្តល់ឱ្យទីក្រុងញូវដែលីនូវសមត្ថភាព ក្នុងការទទូចឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បិទបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤។

លោកស្រីអ្នកនាំពាក្យសេតវិមាន បានលើកឡើងដូចខាងលើ បន្ទាប់ពីនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានប្រាប់លោក ពូទីន ក្នុងជំនួបនៅទីក្រុងមូស្គូថា ការបាត់បង់ជីវិតរបស់កុមារស្លូតត្រង់ គឺជារឿងដ៏ឈឺចាប់និងអាក្រក់បំផុត ក្រោយមានការវាយប្រហារយ៉ាង​ប្រល័យពីកងកម្លាំងរុស្ស៉ីលើអ៊ុយក្រែន ដែលត្រូវចំមន្ទីរពេទ្យកុមារមួយកន្លែង ក្នុងរដ្ឋធានីកៀវ។ កាលពីដើមសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោន បាននិយាយថា សហរដ្ឋអាមេរិក បានលើកឡើងអំពីក្តីបារម្ភរបស់ខ្លួនជាមួយឥណ្ឌា ជុំវិញទំនាក់ទំនងរបស់ជាមួយរុស្ស៉ី ចំពោះមុខ​សង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ឥណ្ឌាបានទទួលរងសម្ពាធពីក្រុមប្រទេសលោកខាងលិច ឱ្យដកខ្លួនឈ្លាតឆ្ងាយពីទីក្រុងមូស្គូ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន។ យ៉ាងណាមិញ មកទល់ពេលនេះ ទីក្រុងញូវដែលីបានជម្នះការដាក់សម្ពាធនោះ ក្រោមហេតុផល ទំនាក់ទំនងយូរអង្វែងរបស់ខ្លួនជាមួយរុស្ស៉ី ព្រមទាំងតម្រូវការផ្នែកសេដ្ឋកិច្ច។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៉ីនតោន បានព្យាយាមចែចង់ទីក្រុងញូវដែលី ដោយក្រុមអ្នកវិភាគនយោបាយយល់ថា សហរដ្ឋអាមេរិកមើលឃើញ ឥណ្ឌាជាដៃគូដ៏សំខាន់មួយ ដើម្បីទប់ទល់ចិន នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ ស្របពេលដែលលោកខាងលិច បានព្យាយាមធ្វើឱ្យលោក ពូទីន ស្ថិតក្នុងភាពឯកោ ចិន ឥណ្ឌា ព្រមទាំងប្រទេសធំៗនៅមជ្ឈិមបូព៌ា អាហ្រ្វិក និងអាមេរិកឡាទីន បានបន្តកសាងទំនាក់ទំនងជាមួយរុស្ស៉ី៕