(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី លោក Volodymyr Zelenskiy បានទទូចដល់បណ្តាមេដឹកនាំនយោបាយអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះថា កុំរងចាំដល់លទ្ធផលបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាចេញមក ទើបបង្ខំធ្វើការសម្រេចចិត្តលើការជួយដល់ប្រទេសរបស់លោក ដើម្បីប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០២៤។

នៅឯវិទ្យាស្ថាន Ronald Reagan មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) លោក Zelenskiy បានថ្លែងដូច្នេះថា «អ្នកនៅអាមេរិក អឺរ៉ុប មជ្ឈឹមបូព៌ា តំបន់ប៉ាស៉ីហ្វិក កំពុងរងចាំលទ្ធផលបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា និយាយរួមគឺទូទាំងពិភពលោកតែម្តងទន្ទឹងរងចាំពេលនោះ ហើយសូម្បីតែលោក ពូទីន ក៏រងចាំឱ្យដល់ខែវិច្ឆិកាដូចគ្នា»។ លោក Zelenskiy បានបន្ថែមថា «វាដល់​ពេល​ត្រូវ​ដើរ​ចេញ​ពី​ស្រមោលនៃការគិតបែបនោះ ហើយធ្វើ​ការ​សម្រេច​ចិត្ត​ជាក់លាក់...មិន​ចាំ​ដល់ខែ​វិច្ឆិកា ឬពេលណាទៀត»

គួរបញ្ជាក់ថា ក្នុងការកត់សម្គាល់ពេលមកដល់រដ្ឋធានីវ៉ាស៉ីនតោនភ្លាម លោក Zelensky និយាយថា ទីក្រុងកៀវនឹងតស៊ូ ដើម្បីទទួលបានការសម្រេចចិត្តជាក់លាក់មួយ ពីសំណាក់សហរដ្ឋអាមេរិក និងអឺរ៉ុបនៅក្នុងកិច្ចប្រជុំកំពូលណាតូ នាពេលនេះ៕