(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សជាង ១៣០នាក់រួមទាំងអ្នកទេសចរផងនោះ បានជាប់គាំងនៅតំបន់ទីបេរបស់ចិន តាមជួរភ្នំ Himalayan ជាប់ព្រំដែនជាមួយប្រទេសនេប៉ាល់នៅថ្ងៃពុធនេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់​បង្ក​ការរអិល​​បាក់​ដី ទឹក​ជំនន់ និងកាត់​ផ្តាច់​ផ្លូវ​ថ្នល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០២៤។

ផ្នែកជាច្រើននៃផ្លូវ highway ដ៏សំខាន់មួយដែលតភ្ជាប់ទៅកាន់ទីប្រជុំជនទីបេដាច់ស្រយាល គឺតំបន់ Zhentang ត្រូវរងការខូចខាត ឬមិនអាចធ្វើដំណើរបានដោយសារតែការរអិលបាក់ដី ចំពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ មក​ទល់​ពេល​នេះ មនុស្ស​ចំនួន ៣៤២​នាក់​ដែល​ជាប់​គាំង​ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ក្រុង​ផ្សេង​ទៀត​។ ប៉ុន្តែនៅសល់មនុស្សជាង ១៣០នាក់ រួមទាំងភ្ញៀវទេសចរបន្តជាប់គាំងនៅឡើយ នៅជុំវិញតំបន់ Zhentang ដែលស្ថិតនៅរយៈកម្ពស់ប្រហែល ២,០០០ម៉ែត្រ ព្រោះតែឧបសគ្គក្នុងផ្លូវធ្វើដំណើរ ការធ្លាក់ភ្លៀង និងកត្តាអស់កម្លាំងធ្វើដំណើរផ្លូវឆ្ងាយដើម្បីអាចចេញពីទីតាំងនោះបាន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា ព្យុះនៅក្នុងតំបន់ដែលអាចបន្តរហូតដល់ថ្ងៃព្រហស្បតិ៍នេះ នឹងធ្វើឱ្យការជួយសង្រ្គោះកាន់តែលំបាក។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកព្យាករអាកាសធាតុជាតិ ភ្លៀងធ្លាក់កម្រិតពីមធ្យមទៅច្រើន នឹងបន្តកើតមាននៅភាគនិរតីនៃប្រទេសចិន រួមទាំងផ្នែកខ្លះនៃតំបន់ទីបេ Sichuan និង Yunnan៕