(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានប្រកាសថានឹងផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីលចំនួន៥គ្រឿងបន្ថែមទៅឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធ Patriot និងគ្រឿងបន្លាស់សម្រាប់ប្រព័ន្ធប្រឆាំងមីស៊ីលផលិតដោយសហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសពីការផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីលឱ្យអ៊ុយក្រែន ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរបស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ រូម៉ានី និងហូឡង់ នាឱកាស នៃកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៊ីនតោន និងខួប៧៥ឆ្នាំនៃការបង្កើតបក្សសម្ព័ន្ធយោធាមួយនេះ កាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា។ សេចក្ដីថ្លែងការណ៍ឱ្យដឹងទៀតនៅ ប៉ុន្មានខែខាងមុខ បណ្ដាប្រទេសជាសម្ព័ន្ធមិត្តក៏មានបំណងផ្ដល់ប្រព័ន្ធការពារដែនអាកាសរាប់សិបគ្រឿងបន្ថែមឱ្យទីក្រុងកៀវផងដែរ។

ការប្រកាសពីការផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានអះអាងថាជនស៊ីវិលយ៉ាងហោច ៤១នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ស្រោច មីស៊ីលរបស់រុស្ស៉ីលើទីក្រុងកៀវ និងបណ្ដាក្រុងជាច្រើននៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនជាង ៥០ពាន់លានដុល្លារ ប៉ុន្តែជំនួយយោធា អាមេរិកបានជាប់គាំងនៅក្នុងសភាអាមេរិកអស់រយៈពេលជាច្រើនខែ មុននឹងត្រូវបានអនុម័ត ដែលនេះបានទុកឱកាសឱ្យកងទ័ពរុស្ស៉ីវាយដណ្ដើមទឹកដីបន្ថែមពីអ៊ុយក្រែន នារយៈពេលប៉ុន្មានខែថ្មីៗនេះ៕