(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃពុធ ទី១០ ខែកក្កដា បាននិយាយថាយន្ដហោះយោធាចិន ៣៦គ្រឿងបានហោះហើរនៅភាគខាងត្បូង និងភាគអាគ្នេយ៍ កោះតៃវ៉ាន់ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នាជាមួយនាវាផ្ទុកយន្ដហោះចម្បាំង Shandong។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo បានបញ្ជាក់ពីព័ត៌មានខាងលើប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសភា ជាមួយការបន្ថែមថាយន្ដហោះយោធាចិន មិនបានឆ្លងកាត់តាមច្រកសមុទ្រ Bashi Channel នោះទេ។ Bashi Channel គឺជាផ្លូវទឹកមួយដែលខណ្ឌចែករវាងតៃវ៉ាន់ និងហ្វីលីពីន ហើយជារឿយៗនាវាចម្បាំង និងយន្ដហោះចម្បាំងចិនតែងតែធ្វើដំណើរឆ្លងកាត់ផ្លូវទឹកមួយនេះ នៅពេលត្រូវធ្វើដំណើរឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិក។ បើតាមលោក Koo យន្ដហោះយោធាចិន បានធ្វើដំណើរ ក្នុងទិសដៅឆ្ពោះទៅត្បូង ឆ្លងកាត់តាមច្រកសមុទ្រ Balintang តម្រង់ទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច។ Balintang ជាផ្លូវទឹកស្ថិតនៅចន្លោះកោះ Batanes និង Babuyan របស់ហ្វីលីពីន។

ប៉ុន្តែខាងក្រសួងការពារជាតិចិន មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ គួរបញ្ជាក់ថា ហ្វីលីពីនក៏បានបង្ហាញការព្រួយបារម្ភផងដែរចំពោះការដាក់ពង្រាយនាវាផ្ទុក យន្ដហោះចម្បាំងរបស់ចិន ខណៈទីក្រុងម៉ានីល និងប៉េកាំង​កំពុងមានជម្លោះនឹងគ្នានៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal សមុទ្រចិនខាងត្បូង៕