(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយថាការធ្វើពាណិជ្ជកម្មអាវុធរបស់កូរ៉េខាងជើងជាមួយរុស្ស៉ី គឺជាការគំរាមកំហែងមួយចំពោះសន្តិភាពពិភពលោក ហើយសម្ព័ន្ធភាពនៅក្នុងចំណោមប្រទេសប្រជាធិបតេយ្យសេរី គឺមានសារៈសំខាន់បំផុតដើម្បីការពារសេរីភាពពីការគំរាមកំហែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងរដ្ឋហាវ៉ៃ ជាទីដែលលោកបានពិភាក្សាពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការវាងកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង ជាមួយមេបញ្ជាការអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកឧត្តមនាវី Samuel Paparo កាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា។ លោក យូនបន្ថែមទៀតថាកូរ៉េខាងជើង មិនត្រឹមតែគំរាមកំហែងដល់សន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏គំរាមកំហែងដល់សន្តិភាពពិភពលោកផងដែរតាមរយៈការលក់អាវុធដោយខុសច្បាប់ទៅឱ្យរុស្ស៉ី។

លើសពីនេះទៅទៀត តាមលោកប្រធានាធិបតីកូរ៉េខាងត្បូង ការព្រួយបារម្ភពីការពង្រីកសមត្ថភាពយោធារបស់កូរ៉េខាងជើង កាន់តែកើនឡើងជាលំដាប់ ជាពិសេសក្រោយព្យុងយ៉ាង ចុះសន្ធិសញ្ញាយោធាជាមួយទីក្រុងមូស្គូ កាលពីខែមិថុនាកន្លងទៅ។

គួរបញ្ជាក់ថា លោក យូន ស៊ុកយុល បានឈប់សំចតនៅរដ្ឋហាវ៉ៃ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងនាមជាដៃគូរបស់បក្សសម្ព័ន្ធយោធាមួយនេះ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានចោទប្រកាន់ថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធមានទាំងមីស៊ីលបាលិស្ទីគ និងគ្រាប់កាំភ្លើងធំឱ្យរុស្ស៉ី ប្រើប្រាស់នៅក្នុង សង្រ្គាមអ៊ុយក្រែន។ ក៏ប៉ុន្តែ ទាំងមូស្គូ និងព្យុងយ៉ាងតែងតែច្រានចោលការចោទប្រកាន់បែបនេះ៕