(ហ្សឺណេវ)៖ អ្នកជំនាញអង្គការសហប្រជាជាតិបានព្រមានថា គ្រោះទុរ្ភិក្សកំពុងរាតត្បាតទូទាំងតំបន់ហ្សាហ្គា ខណៈដែលកុមារជាច្រើននាក់បានស្លាប់ ដោយសារការកង្វះអាហារូបត្ថម្ភ និងការរឹតត្បិតជំនួយមនុស្សធម៌ដោយអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សចំនួន ១១ រូប ដែលត្រូវបានអង្គការសហប្រជាជាតិផ្តល់អាណត្តិ បានលើកឡើងពីការស្លាប់របស់កុមារប៉ាឡេស្ទីនបីនាក់នៅភាគខាងត្បូង និងកណ្តាលនៃតំបន់ហ្គាហ្សា ដោយសារការកង្វះអាហារូបត្ថម្ភចាប់តាំងពីចុងខែឧសភា។ អ្នកជំនាញទាំងនេះបានថ្កោលទោស «យុទ្ធនាការបង្អត់អាហារដោយចេតនា និងកំណត់គោលដៅរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន»។

អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះថាជា «ព័ត៌មានមិនពិត» និងបានអះអាងថាខ្លួនបានបន្តពង្រីកកិច្ចសម្របសម្រួល និងជំនួយក្នុងការផ្តល់ជំនួយមនុស្សធម៌នៅទូទាំងតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា កាលពីខែមុនអង្គការសហប្រជាជាតិបានព្រមានថា តំបន់ហ្គាហ្សានៅតែប្រឈមនឹងហានិភ័យខ្ពស់នៃគ្រោះទុរ្ភិក្ស ខណៈដែលសង្រ្គាមនៅតែបន្ត និងការចូលទៅដល់របស់ជំនួយមនុស្សធម៌ត្រូវបានរឹតត្បិត។ ប្រជាជនជាង ៤៩៥,០០០នាក់ នៅទូទាំងតំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹងកម្រិតធ្ងន់ធ្ងរបំផុតនៃការអសន្តិសុខស្បៀង៕