(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីសង្រ្គាមត្រជាក់បានពុះចែកពិភពលោកជា ២ប្លុក អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ប្រទេសទើបមានឯករាជ្យថ្មីថ្មោងដូចជាឥណ្ឌា នៅពេលនោះបានក្លាយជាស្ថាបនិកមួយ នៃចលនាមិនចូលបក្សសម្ព័ន្ធ ដែលជាក្រុមប្រទេសបានអះអាងថាពួកគេមិនឈរនៅខាងទីក្រុងវ៉ាស៊ីនតោន ហើយក៏មិនចូលក្នុងប្លុករបស់ទីក្រុងមូស្គូដែរ។ នៅក្រោមការដឹកនាំរបស់លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ទីក្រុងញូវដេលីបានបន្តអនុវត្តតាមសមាសធាតុសំខាន់ៗមួយចំនួននៃគោលនយោបាយនេះ និងបានបោះចោលសមាសធាតុខ្លះៗ។ តួយ៉ាង លោក ម៉ូឌី បានពង្រឹងទំនាក់ទំនង កាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក ដែលលោកផ្ទាល់មើលឃើញថាជាដៃគូអាចរួមដៃគ្នាទប់ទល់ជាមួយចិន។ តែព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ នៅតែប្រឹងបន្តរក្សាទំនាក់ទំនងល្អ យូរអង្វែងនៃប្រទេសរបស់លោកជាមួយរុស្ស៉ី។

លើសពីនេះទៅទៀត ជាសញ្ញាមួយបង្ហាញថារុស្ស៉ីនៅតែមានសារៈសំខាន់ចំពោះឥណ្ឌា លោក ម៉ូឌី បានជ្រើសរើសយកទីក្រុងមូស្គូជាគោលដៅធ្វើទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងបំផុត ចាប់តាំងពីលោកបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌាក្នុងអាណត្តិទី៣កាលពីខែមិថុនា និងជាលើកដំបូងចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក។ លោក ម៉ូឌី បានស្ថិតនៅក្នុងប្រទេសរុស្ស៉ីរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីជួបប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន។ ក៏ប៉ុន្តែ បច្ចុប្បន្ន ទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៉ីក៏កាន់តែមានភាពស្មុគស្មាញរឹតតែខ្លាំងផងដែរ ខណៈរុស្ស៉ីកាន់តែ ពង្រឹងទំនាក់ទំនងស៊ីជម្រៅជាមួយចិន ក្នុងគោលដៅស្វែងរកការគាំទ្រដើម្បីបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។

* តើឥណ្ឌា ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឬ?
ឥណ្ឌា និងសហរដ្ឋអាមេរិកបានក្លាយជា «ដៃគូយុទ្ធសាស្ត្រនឹងគ្នា» អស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ បានន័យថាប្រទេសទាំង២ អាចកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធា តែមិនមែនជាសម្ព័ន្ធមិត្តផ្លូវការដែលត្រូវបានចងភ្ជាប់គ្នាដោយសន្ធិសញ្ញានោះទេ។ ម្យ៉ាងខណៈប្រទេសទាំង២ មានផលប្រយោជន៍រួមគ្នាជាច្រើន ទីក្រុងញូវដេលីបានស្វែងរក និងការពារផលប្រយោជន៍តាម វិធីសាស្ត្រផ្ទាល់ខ្លួ​ន ហើយវិធីសាស្ត្រទាំងនោះមានពេលខ្លះធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់អាមេរិក។ ជាឧទាហរណ៍៖ ឥណ្ឌាបានបដិសេធថ្កោលទោសសង្រ្គាមរបស់លោក ពូទីន ប្រឆាំងអ៊ុយក្រែន និងថែមទាំងរងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការរៀបចំគម្រោងសម្លាប់មនុស្សនៅលើទឹកដីអាមេរិកទៀតផង ជាហេតុជំរុញឱ្យមានការស៊ើបអង្កេតព្រហ្មទណ្ឌមួយដែលក្រុមមន្ត្រីអាមេរិកនិយាយថា មានជាប់ទាក់ទិននឹងមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងប្រទេសឥណ្ឌា។

សរសរស្ដម្ភដ៏សំខាន់មួយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា នោះគឺការរាំងខ្ទប់ការកើនឡើងឥទ្ធិពលចិន។ ចិន និងឥណ្ឌាវិញមានជម្លោះព្រំដែនរុំារ៉ៃជាមួយគ្នាជាយូរណាស់មកហើយ ដែលនេះ បានផ្ដល់ឱកាសសហរដ្ឋអាមេរិកបញ្ចុះបញ្ចូលឱ្យឥណ្ឌារួមដៃជាមួយខ្លួនដើម្បីទប់ទល់ជាមួយចិន។ ឥណ្ឌាជាសមាជិកមួយក្នុងក្រុមប្រទេស Quad រួមជាមួយសមាជិកផ្សេងទៀតដូចជាអាមេរិក ជប៉ុន និងអូស្ត្រាលី ហើយថ្មីៗនេះ ប្រតិភូជាន់ខ្ពស់អាមេរិកមួយក្រុមបានធ្វើដំណើរទៅកាន់ឥណ្ឌា ដោយភាគីទាំង២បានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា សន្តិសុខ និងការវិនិយោគ។

* អ្វីទៅជាទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៉ី?
ទោះប្រកាសជាសាធារណៈថាខ្លួនប្រកាន់យកគោលនយោបាយមិនចូលបក្សសម្ព័ន្ធអំឡុងសម័យសង្រ្គាមត្រជាក់ក៏ដោយ ក៏ឥណ្ឌានៅតែរក្សាទំនាក់ទំនងស្និទស្នាលជាមួយទីក្រុងមូស្គូ ដោយសារតែ នៅសម័យនោះ ឥណ្ឌាមានការព្រួយបារម្ភចំពោះសហរដ្ឋអាមេរិកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគូសត្រូវរបស់ខ្លួន គឺប៉ាគីស្ថាន។ ឥណ្ឌា និងរុស្ស៉ីបានរក្សាទំនាក់ទំនងល្អបែបនេះមកទល់នឹងសព្វថ្ងៃ។ ឆ្អឹងខ្នងដ៏សំខាន់នៃទំនាក់ទំនងរវាងញូវដេលី និងមូស្គូ គឺឥណ្ឌាជាម៉ូយទិញអាវុធ និងប្រេងដ៏ធំពីរុស្ស៉ី។ បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល មកទល់នឹងពេលនេះ រុស្ស៉ីនៅតែជាអ្នកផ្គត់ផ្គង់ អាវុធដ៏ធំរបស់ឥណ្ឌា បើទោះជាការលក់មានការថយចុះពី ២ភាគ៣ នៃអាវុធដែលឥណ្ឌានាំចូលកាលពី១០ឆ្នាំមុន មកនៅត្រឹម១ភាគ៣ នាពេលបច្ចុប្បន្ន ស្របពេលឥណ្ឌា កំពុងព្យាយាមធ្វើពិពិធកម្មប្រភព ផ្គត់ផ្គង់អាវុធ និងអភិវឌ្ឍឧស្សហកម្មអាវុធផ្ទាល់ខ្លួន ក៏ដោយ។ រុស្ស៉ី ក៏បន្តស្ថិតនៅជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំរបស់ឥណ្ឌាដែរ ទោះជាមូស្គូកំពុងជាប់ទណ្ឌកម្មរបស់លោកខាងលិច ក្រោយការឈ្លានពា អ៊ុយក្រែន។ កាន់តែពិសេសទៅទៀត ឥណ្ឌាស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសប្រជាធិបតេយ្យធំៗ ដែលស្ទាក់ស្ទើរ និងបដិសេធរិះគន់លោក ពូទីន ហើយបានបោះឆ្នោតអនុបវាទ ក្នុងការបោះឆ្នោតថ្កោលទោសរុស្ស៉ី នៅឯអង្គការសហប្រជាជាតិ។

* តើអ្វីទៅជាទំនាក់ទំនងរបស់ឥណ្ឌា ជាមួយចិន?
ទំនាក់ទំនងរវាងឥណ្ឌា និងចិន បានល្អក់កករនឹងគ្នាជាច្រើនឆ្នាំមកនេះ។ ប្រភពនៃភាពតានតឹង គឺជម្លោះទឹកដីនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២ រហូតដល់ធ្វើឱ្យប្រទេសទាំង២ផ្ទុះសង្រ្គាមនឹងគ្នា ក្នុងឆ្នាំ១៩៦២។ ជម្លោះទឹកដីបានផ្ទុះឡើងខ្លាំងជាថ្មី ក្នុងឆ្នាំ២០២០ បង្កទៅជាការប៉ះទង្គិចគ្នាដោយហិង្សាបណ្ដោលឱ្យទាហានទាំងសងខាងស្លាប់ និងរងរបួសជាច្រើននាក់។ ក្រោយផ្ទុះជម្លោះនេះ ទីក្រុងញូវដេលីបានចាត់វិធានការប្រឆាំងប៉េកាំង ដូចជាហាមឃាត់កម្មវិធីទូរស័ព្ទដៃស្មាតហ្វូន និងរឹតត្បិតការវិនិយោគរបស់ចិនក្នុងប្រទេសឥណ្ឌា។ រហូតដល់ថ្មីៗនេះ ទើបលេចឮដំណឹងពីស្ថានការណ៍ ធូរស្រាល។ ពោលកាលពីខែឧសភាកន្លងទៅ ទីក្រុងប៉េកាំងបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសឥណ្ឌាជាលើកដំបូងក្នុងរយៈពេល១៨ខែ។ ក្រោយចូលកាន់តំណែងភ្លាមៗ លោកឯកអគ្គរដ្ឋទូតចិន បានបង្ហាញពីបំណងចង់ស្ដារទំនាក់ទំនងរវាងប្រទេសទាំង២។ មិនតែប៉ុណ្ណោះ ចិនបានផ្ញើសារអបអរសាទរលោក ម៉ូឌីទៀតផង ក្រោយលោកឈ្នះ ក្នុងការបោះឆ្នោតសកលកាលពីខែមិថុនា ដោយក្នុងនោះ មានមន្ត្រីចិនមា្នក់និយាយថាចិន និងឥណ្ឌាកំពុងវិលត្រឡប់ទៅរកស្ថិរភាព ហើយបានឯកភាពគ្នាបើកកិច្ចចរចានៅពេលអនាគត ដើម្បីដោះស្រាយជម្លោះព្រំដែន។

* តើទំនាក់ទំនងរបស់រុស្ស៉ី ជាមួយចិនផ្លាស់ប្ដូរយ៉ាងដូចម្ដេច?
រុស្ស៉ី និងចិនធ្លាប់ជាគូសត្រូវនឹងគ្នា បើត្រឡប់ទៅសម័យបែកបាក់គ្នារវាងចិន និងអតីតសហភាពសូវៀត អំឡុងសង្រ្គាមត្រជាក់ ហើយភាពជាគូសត្រូវនេះឯងបានធ្វើឱ្យរុស្ស៉ី និងឥណ្ឌា កាន់តែខិតជិតគ្នា។ ក៏ប៉ុន្តែ ទំនាក់ទំនងរុស្ស៉ី និងចិន ប្រែជាកាន់តែល្អឡើងវិញ ដ្បិតពួកគេមើលឃើញថាសហរដ្ឋអាមេរិកជាសត្រូវរួម។ លោក ពូទីន បានជ្រើសរើសទីក្រុងប៉េកាំងជាគោលដៅធ្វើទស្សនកិច្ចនៅក្រៅប្រទេស លើកដំបូង ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៉ីសម្រាប់អាណត្តិទី៥ កាលពីខែឧសភា។ នៅឯកិច្ចប្រជុំកំពូលសន្តិសុខមួយក្នុងខែកក្កដានេះ ក្នុងប្រទេសកាហ្សាក់ស្ថាន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក ពូទីន បាននិយាយថាបច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពល្អប្រសើរបំផុត និងបានសន្យារួមដៃគ្នាការពារភាពស្ងប់ស្ងាត់ និងស្ថិរភាពក្នុងតំបន់។ ចិនបានក្លាយជាម៉ូយ ទិញប្រេង ឧស្ម័ន និងធ្យូងថ្មដ៏ធំមួយដែរពីរុស្ស៉ី ដែលនេះបានជួយឱ្យរុស្ស៉ីអាចទប់ទល់នឹងទណ្ឌកម្មលោកខាងលិច ជុំវិញសង្រ្គាមរបស់លោក ពូទីនប្រឆាំងអ៊ុយក្រែន។

* តើសហរដ្ឋអាមេរិក ដោះស្រាយបែបណាចំពោះទំនាក់ទំនងរបស់ឥណ្ឌា ជាមួយរុស្ស៉ី?
ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តមើលឃើញឥណ្ឌា គឺជាកម្លាំងជំនួយមួយដ៏សំខាន់មិនអាចខ្វះបាន ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ដូច្នេះចង់ ឬមិនចង់ អាមេរិកត្រូវបើកភ្នែកម្ខាង បិទភ្នែកម្ខាងចំពោះទំនាក់ទំនងរវាងឥណ្ឌា និងរុស្ស៉ី។ ជាក់ស្ដែង ស្របពេលឥណ្ឌា រងការចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្ស គាបសង្កត់ និងធ្វើបាបអ្នកនយោបាយប្រឆាំង ហើយមិនបាន ថ្កោលទោសរុស្ស៉ីក៏ដោយ ក៏សហរដ្ឋអាមេរិកមិនបានបញ្ចេញប្រតិកម្មខឹងសម្បារអ្វីនឹងញូវដេលីនោះដែរ។ នៅបន្ទាប់ពីទស្សនកិច្ចក្នុងទីក្រុងញូវដេលី អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បានលើកឡើងថាភាគីសហរដ្ឋអាមេរិកបានលើកឡើងពីបញ្ហាទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៉ី ព្រមទាំងការចោទប្រកាន់ថារដ្ឋាភិបាលឥណ្ឌាមានជាប់ពាកព័ន្ធនឹងគម្រោងសម្លាប់មនុស្ស នៅលើទឹកដី កាណាដា និងអាមេរិក ក្នុងកិច្ចពិភាក្សា។ ក៏ប៉ុន្តែ លោកក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកមានទំនុកចិត្ត នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា និងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង២។

នៅក្រោមទស្សនយល់ឃើញរបស់អ្នកវិភាគមួយចំនួន ជំហរទន់ភ្លន់បែបនេះរបស់សហរដ្ឋអាមេរិក គឺដោយសារតែ វ៉ាស៊ីនតោនចាត់ទុកឥណ្ឌាជាសម្ព័ន្ធមិត្តដ៏សំខាន់មួយដែលអាចជួយខ្លួនក្នុងបេសកកម្ម ប្រឆាំងនឹងឥទ្ធិពលចិន។ ដូច្នេះហើយទើប សហរដ្ឋអាមេរិកមិនចង់ធ្វើឱ្យក្រុមមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសឥណ្ឌា ជាពិសេសគឺលោក ម៉ូឌី អាក់អន់ចិត្ត ឬខឹងសម្បារនោះឡើយ៕