(ស្វីស)៖ ប្រទេសស្វីស នៅថ្ងៃអង្គារនេះបានពង្រីកវិសាលភាពនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយអនុវត្តតាមវិធានការថ្មីៗរបស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

ការពង្រីកការដាក់ទណ្ឌកម្មនេះ រួមមានការដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៦៩នាក់ និងនីតិបុគ្គលចំនួន ៨៦ ដែលភាគច្រើនជាអ្នកជំនួញ អ្នកឃោសនា បុគ្គលិកយោធា និងតុលាការ ព្រមទាំងអ្នកដែលទទួលខុសត្រូវ ក្នុងការនិរទេសកុមារអ៊ុយក្រែន និងសមាជិកនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB)។

ក្រៅពីនេះ ការដាក់ទណ្ឌកម្មក៏ត្រូវបានពង្រីកដល់ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី និងក្រុមហ៊ុនក្នុងវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលជាប់ពាក់ព័ន្ធនឹងការគេចវេសការដាក់ទណ្ឌកម្មកន្លងមកផងដែរ។

ទន្ទឹមគ្នានេះ ប្រទេសស្វីសក៏បានដាក់បម្រាមលើការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដោយចោទប្រកាន់ពីការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងឃោសនានយោបាយរបស់រុស្ស៊ី។ វិធានការទាំងនេះចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្វីសក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន៕