(តៃប៉ិ)៖ ថ្លែងប្រាប់ក្រុមមន្រ្តីកងទ័ពអាកាសតៃវ៉ាន់ ក្នុងការអត្ថាធិប្បាយមួយ ចេញផ្សាយនាថ្ងៃអង្គារនេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា មានឧទាហរណ៍ជាច្រើនក្នុងប្រវត្តិសាស្រ្ត ដែលបង្ហាញថា យោធាមានកម្លាំងតូចជាង អាចយកឈ្នះលើយោធាសត្រូវដែលមានកម្លាំងធំជាងបាន ខណៈវាគឺជាសម្តីលើកទឹកចិត្តរបស់លោក នៅមុនការប្រារព្ធសមយុទ្ធយោធាប្រចាំឆ្នាំ ដែលនឹងត្រូវធ្វើឡើង នៅក្នុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤។
ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន បានបន្តធ្វើសកម្មភាពយោធាជាប្រចាំ នៅក្បែរៗដែនកោះនេះ អស់រយៈពេលប្រមាណជា ៤ឆ្នាំមកហើយ ដើម្បីដាក់សម្ពាធមកលើទីក្រុងតៃប៉ិ។ បើប្រៀបធៀបជាមួយកម្លាំងយោធាចិន យោធាតៃវ៉ាន់គឺតូចខ្លាំងណាស់។ ទោះបីជាបែបនេះក្តី តៃវ៉ាន់បាននិងកំពុងខំប្រឹង ធ្វើទំនើបកម្មយោធា មិនត្រឹមតែតាមរយៈការបំពាក់សព្វាវុធថ្មីៗ ដូចជានាវាមុជទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏លើកកម្ពស់ នូវយុទ្ធសាស្រ្តសឹក asymmetric warfare ផងដែរ តាមរយៈការធ្វើឱ្យយោធាដែលទំហំតូចរបស់ខ្លួន អាចផ្លាស់ទីបានងាយស្រួល និងពិបាកក្នុងការវាយប្រហារ។
ថ្លែងនៅឯមូលដ្ឋានទ័ពអាកាសមួយកន្លែង លោក Lai Ching-te បាននិយាយថា កម្លាំងរបស់កងទ័ព គឺមិនងាយគណនាដូចការបូក ឬដកលេខឡើយ។ លោក Lai បានលើកឡើងដូច្នេះថា «បរិមាណសព្វាវុធ គឺសំខាន់ក៏ពិតមែន ប៉ុន្តែមិនអាចតំណាងឱ្យ កម្លាំងនៃយោធារបស់ប្រទេសមួយឡើយ។ ក្នុងប្រវត្តិសាស្រ្ត មានករណីជាច្រើនដែល គ្នាតិចបានទទួលជ័យជម្នះលើគ្នាច្រើន ហើយមានវិធីសាស្រ្តច្រើនណាស់ ដើម្បីយកឈ្នះលើសត្រូវ តាមរយៈគំនិតថ្មីៗ»។
គួរបញ្ជាក់ថា តៃវ៉ាន់នឹងចាប់ផ្តើមការធ្វើសមយុទ្ធយោធា ហៅថា Han Kuang ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកក្កដា ទន្ទឹមគ្នាជាមួយ សមយុទ្ធការពារជនស៉ីវិល ហៅថា Wan An។ ភ្លាមៗ ក្រោយលោក Lai ស្បថចូលកាន់តំណែងជាផ្លូវការ កាលពីខែឧសភា ចិនក៏បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ រយៈពេល២ថ្ងៃផងដែរ ឡោមព័ទ្ធកោះតៃវ៉ាន់ ដោយនិយាយថា វាគឺជាសារព្រមានធ្ងន់មួយ ចំពោះការថ្លែងសុន្ទរកថាឡើងកាន់អំណាចរបស់លោក។ ទីក្រុងប៉េកាំង បានចោទថា សុន្ទរកថានោះ ពោរពេញទៅដោយខ្លឹមសារចង់ផ្តាច់ខ្លួន៕