(កៀវ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban មិនអាចសម្រុះសម្រួល ជម្លោះរវាងរុស្ស៉ីនិងអ៊ុយក្រែន ដើម្បីបិទបញ្ចប់សង្រ្គាមរយៈពេល២៨ខែឡើយ ហើយលោក ហ្សេលេនស្គី បានបន្តទៀតថា មានតែមហាអំណាចដូចជាចិន សហរដ្ឋអាមេរិក ឬមួយក៏សហភាពអឺរ៉ុប (EU) ប៉ុណ្ណោះ ដែលអាចដើរតួនាទីបែបនេះបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤។
លោក Orban បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ព្រមទាំងទីក្រុងមូស្គូ ហើយបើកកិច្ចពិភាក្សាជាមួយ មេដឹកនាំនៃប្រទេសទាំងពីរ កាលពីសប្តាហ៍មុន។ រីឯកាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Orban ក៏បានបន្តទៅជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ថែមទៀត។ បើតាមការពិពណ៌នារបស់លោក Orban ផ្ទាល់ ដំណើរទស្សនកិច្ចទាំងនេះ គឺជាបេសកកម្មសំដៅជួយស្វែងរកសន្តិភាព សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ដោយឡែក នៅថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍នេះ បណ្តាមេដឹកនាំប្រទេសលោកខាងលិច នឹងត្រូវជួបពិភាក្សា ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅឯទីក្រុងវ៉ាស៉ីនតោន នៃសហរដ្ឋអាមេរិក។
លោក ហ្សេលេនស្គី បានលើកឡើងថា មានតែប្រទេសមហាអំណាច ដែលមានសេដ្ឋកិច្ចនិងកងកម្លាំងប្រដាប់អាវុធ រឹងមាំខ្លាំងជាងរុស្ស៉ីទេ ទើបអាចដើរតួនាទី ជាអ្នកជួយសម្រុះសម្រួលជម្លោះបាន។ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយដូច្នេះថា «តើមានប្រទេសបែបនោះច្រើនដែរឬទេ នៅលើពិភពលោកនេះ? គឺមិនជាច្រើនទេ។ ខ្ញុំជឿថា សហរដ្ឋអាមេរិកនិងចិន គឺជាប្រទេសបែបនោះ។ ព្រមទាំង EU ផងដែរ ប៉ុន្តែមិនមែនប្រទេសសមាជិក EU ណាមួយឡើយ គឺ EU ទាំងមូល។ ពួកគេទាំងនេះ អាចបំពេញបេសកកម្មសម្រុះសម្រួលពិតប្រាកដ»។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា កិច្ចពិភាក្សារបស់លោក Orban ជាមួយលោក ពូទីន គឺមិនមានពាក់ព័ន្ធជាមួយទីក្រុងកៀវទេ។
គួរបញ្ជាក់ថា អ៊ុយក្រែនសង្ឃឹមនឹងអាច មានកិច្ចប្រជុំកំពូលអន្តរជាតិជាលើកទី២ ដើម្បីពិចារណាលើសំណើសន្តិភាពរបស់ខ្លួន ក្នុងឆ្នាំនេះ។ ចិនដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយរុស្ស៉ី មិនបានចូលរួមកិច្ចប្រជុំដំបូង ដែលត្រូវបានរៀបចំឡើង កាលពីខែមិថុនាឡើយ។ ទីក្រុងប៉េកាំង បានព្យាយាមលើកកម្ពស់ ផែនការសន្តិភាព ៦ចំណុច ដែលខ្លួនបានដាក់ចេញរួមគ្នាជាមួយប្រេស៉ីល កាលពីខែឧសភា។ វាស្នើឱ្យមានការរៀបចំ សន្និសីទសន្តិភាពអន្តរជាតិ នៅពេលវេលាសមស្របមួយ ហើយអំពាវនាវឱ្យមានការចូលរួមស្មើភាពគ្នា ពីប្រទេសទាំងពីរដែលជាភាគីជម្លោះផ្ទាល់ គឺអ៊ុយក្រែននិងរុស្ស៉ី។ រុស្ស៉ីមិនត្រូវបានគេអញ្ជើញឱ្យចូលរួម កិច្ចប្រជុំកំពូលដើម្បីសន្តិភាពអ៊ុយក្រែនលើកទី១ ដែលបានប្រព្រឹត្តទៅនៅប្រទេសស្វីស នោះទេ៕