(សេអ៊ូល)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ មានសេចក្តីរាយការណ៍ថា ទីក្រុងសេអ៊ូលកំពុងពិនិត្យមើល សំណើរបស់ប៉ូឡូញ ដែលចង់ឱ្យខ្លួនទិញដ្រូន ជាពិសេសដ្រូនសម្រាប់វាយប្រហារពីអាកាស ដែលត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Dong-a Ilbo ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ នៅក្នុងជួររដ្ឋាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ថា ប៉ូឡូញបានធ្វើបទបង្ហាញអំពីដ្រូនជាច្រើនប្រភេទរបស់ខ្លួន ទៅកាន់គណៈប្រតិភូរបស់កូរ៉េខាងត្បូង ដឹកនាំដោយរដ្ឋមន្រ្តីការពារជាតិ លោក Shin Won-sik ដែលបានទៅបំពេញទស្សនកិច្ច នៅប្រទេសអឺរ៉ុបមួយនេះ កាលពីខែមិថុនា។ ខាងរដ្ឋាភិបាលប៉ូឡូញ បានគូសរំលេចពិប្រសិទ្ធភាពរបស់ដ្រូនទាំងនោះ ដែលត្រូវបានសបញ្ជាក់ក្នុងសមរភូមិជាក់ស្តែង ហើយនិងតម្លៃធូរថ្លៃរបស់ពួកវា។
កន្លងមក ប៉ូឡូញបានចុះកិច្ចព្រមព្រៀងធំៗ ស្តីពីការទិញសព្វាវុធពីកូរ៉េខាងត្បូង ក្នុងនោះមានទាំង កិច្ចព្រមព្រៀងទំហំ២២ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ សម្រាប់ប្រព័ន្ធកាំភ្លើងធំ រថក្រោះ និងយន្តហោះចម្បាំង ខណៈវាគឺជាកិច្ចព្រមព្រៀងលក់អាវុធធំបំផុតរបស់កូរ៉េខាងត្បូង។ ក្នុងសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងខាងលើ មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ បានលើកឡើងដូច្នេះថា «វាពុំមែនជារឿងងាយស្រួលឡើយ សម្រាប់ឱ្យកិច្ចព្រមព្រៀង ដែលមានតែទៅគ្មានមក អាចទទួលបាននិរន្តរភាព ពោលគឺប៉ូឡូញទិញសព្វាវុធពីកូរ៉េខាងត្បូងតែម្ខាង។ ប្រសិនបើយើងទិញដ្រូនពីប៉ូឡូញ នោះវាអាចនឹងលើកកម្ពស់ បន្ថែមទៀត នូវការនាំចេញសព្វាវុធរបស់យើង ទៅកាន់ប៉ូឡូញ»។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបាននិងកំពុងព្យាយាម ប្រែក្លាយខ្លួនឱ្យទៅជា ប្រទេសនាំចេញបរិក្ខារការពារជាតិធំជាងគេ លំដាប់ទី៤ នៅលើពិភពលោក នៅត្រឹមឆ្នាំ ២០២៧។ បើតាមសេចក្តីរាយការណ៍ កាលពីខែមិថុនាកន្លងទៅ ដោយទីភ្នាក់ងារព័ត៌មានប៉ូឡូញ PAP រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយថា ទីក្រុងវ៉ាសូវី អាចនឹងចុះកិច្ចព្រមព្រៀងមួយទៀត ជាមួយកូរ៉េខាងត្បូង នៅខែកញ្ញា ឆ្នាំនេះ សម្រាប់ការទិញសព្វាវុធបន្ថែមទៀត ជាពិសេសគឺរថក្រោះ K2៕