(មីនស្កិ៍)៖ ប្រទេសចិន និងបេឡារុស បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនរបស់សមាជិកណាតូ (NATO) គឺប៉ូឡូញ និងនៅមុនកិច្ចប្រជុំកំពូលនៃបក្សសម្ព័ន្ធយោធាមួយនេះចូលមកដល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០២៤។
ក្រសួងការពារជាតិបេឡារុស បានដកស្រង់សម្តីរបស់មេបញ្ជាការនៃកងកម្លាំងពិសេសបេឡារុស លោក Vadim Denisenko ដែលគូសបញ្ជាក់ថា «ព្រឹត្តិការណ៍ដែលបាន និងកំពុងកើតឡើង នៅលើពិភពលោក គឺគួរឱ្យព្រួយបារម្ភ ដូច្នេះយើងនឹងអនុវត្តរបៀប និងវិធីសាស្រ្តថ្មីនៃការអនុវត្តភារកិច្ចជាយុទ្ធសាស្ត្រ។ ជាផ្នែកមួយនៃការហាត់សមប្រឆាំងភេរវករ យោធានៃប្រទេសទាំងពីរ នឹងហ្វឹកហាត់ពីរបៀបចុះចត នៅពេលយប់ ហើយធ្វើប្រតិបត្តិការក្នុងតំបន់ដែលមានប្រជាជនរស់នៅ»។ ចំណែក ក្រសួងការពារជាតិចិនបញ្ជាក់ថា «ការហ្វឹកហ្វឺនរួមគ្នានេះ មានបំណង ពង្រឹងសមត្ថភាពសម្របសម្រួលរបស់កងទ័ពដែលចូលរួម និងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរ កាន់តែស៉ីជម្រៅ»។
គួរបញ្ជាក់ថា សមយុទ្ធខាងលើនេះមានឈ្មោះ Falcon Assault និងត្រូវដំណើរការរហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ហើយកំពុងធ្វើឡើងនៅទីលានហ្វឹកហាត់មួយ ក្បែរទីក្រុង Brest ភាគនិរតីបេឡារុសជាប់ព្រំដែនជាមួយប៉ូឡូញ។ សមយុទ្ធនេះបានចាប់ផ្តើម នៅខណៈមេដឹកនាំនៃប្រទេសសមាជិកទាំង ៣២ របស់អង្គការណាតូជួបប្រជុំគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារនេះ ដោយនឹងផ្តោតលើការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់អ៊ុយក្រែនក្នុងរបៀបវារៈសំខាន់៕