(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសពីកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានយោធាបរទេស លើកទី២ ក្នុងទំហំទឹកប្រាក់ ២ពាន់លានដុល្លារសម្រាប់ប្រទេស ប៉ូឡូញ ដែលជាផ្នែកមួយនៃកម្មវិធីធ្វើទំនើបកម្មសម្រាប់ប្រទេសនៅអឺរ៉ុប ដោយរួមបញ្ចូលផងដែរនូវការទិញអាវុធអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានយោធាបរទេសនេះ ធ្វើឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ ខណៈប៉ូឡូញស្វែងរកការបង្កើនសមត្ថភាព កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក្រោយសង្រ្គាមរុស្ស៉ីប្រឆាំងអ៊ុយក្រែនផ្ទុះឡើង។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller ប៉ូឡូញកំពុងបញ្ជាទិញ យន្តហោះចម្បាំង F-35 ប្រព័ន្ធខែលប្រឆាំងមីស៉ីល Patriot និងរថក្រោះ Abrams។
គួរបញ្ជាក់ថា កម្ចីហិរញ្ញប្បទានទំហំ ២ពាន់លានដុល្លារកាលពីលើកទី១ ត្រូវបានចុះហត្ថលេខា កាលពីខែកញ្ញា ឆ្នាំមុន។ ប៉ូឡូញ គឺជាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក និងជាសមាជិកមួយ នៅក្នុងអង្គការណាតូ ដែលបង្កើនការចំណាយផ្នែកយោធាក្នុងឆ្នាំ២០២៣៕