(វ៉ាស៊ីនតោន)៖ សេតវិមានបានចេញមុខបញ្ជាក់ថាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មិនមានជំងឺ Parkinson នោះទេ បន្ទាប់ពីកាសែត New York Times បានរាយការណ៍ថា វេជ្ជបណ្ឌិតម្នាក់មានឯកទេសខាងជំងឺនេះបានចេញចូលសេតវិមាន យ៉ាងហោច ៨ដង ចាប់ពីខែសីហា ឆ្នាំមុន រហូតដល់ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ការព្រួយបារម្ភថាលោក ចូ បៃដិន អាចមានជំងឺម្យ៉ាងដែលមិនត្រូវបានគេបង្ហើបឱ្យដឹង បានកើតមានឡើង ចាប់តាំងពីរូបលោកបានដើររកតែចង់ជំពប់ជើងដួល ហាក់ដូចអស់កម្លាំង និងភ្លឹកៗ ម្ដងៗ អំឡុងវេទិកាតស៊ូមិតជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែមិថុនា។ ក៏ប៉ុន្តែ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃចន្ទ ទី៨ ខែកក្កដា អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានបដិសេធព័ត៌មានចេញផ្សាយដោយ New York Times។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «តើលោកប្រធានាធិបតីមានជំងឺ Parkinson ឬ? ចម្លើយ នោះគឺលោកមិនមានជំងឺនេះទេ ហើយតើលោកកំពុងទទួលការព្យាបាល និងផឹកថ្នាំព្យាបាលជំងឺ Parkinson ឬ? ចម្លើយនោះគឺទេ»

គួរបញ្ជាក់ថា Parkinson ជាជំងឺម្យ៉ាងពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ដែលអាចបង្កផលប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងចលនា។ ជំងឺនេះច្រើនកើតឡើងលើមនុស្សមានវ័យចំណាស់ ចាប់ពី ៦០ឆ្នាំឡើងទៅ និងកើតឡើងលើបុរស ច្រើនជាងស្រ្តី៕