(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ឡើងវិញថា រូបលោកនឹងមិនដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នោះទេ ជាមួយការច្រានចោលការព្រួយបារម្ភរបស់ក្រុមអ្នកប្រជាធិបតេយ្យមួយចំនួន និងក្រុមម្ចាស់ជំនួយដែលថាភាពមានះរបស់លោកអាចនឹងធ្វើឱ្យគណបក្សប្រជាធិបតេយ្យខាតបង់ ទាំងនៅសេតវិមាន និងសភាទាំង២ នៅក្នុងការបោះឆ្នោត នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក បៃដិន ដែលមានអាយុ ៨១ឆ្នាំទៅហើយនោះ ធ្វើការកត់សម្គាល់បែបនេះ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយកម្មវិធី Morning Joe របស់ទូរទស្សន៍ MSNBC ហើយលោក បានលើកឡើងសាជាថ្មីឡើងវិញទៅកាន់ក្រុមអ្នកឧបត្ថម្ភ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលក្ខណៈឯកជន។ ដោយប្រកាន់ខ្ជាប់នូវជំហរមិនបោះចោលការប្រកួត លោក បៃដិន ក៏បាន ព្រលយដែរថា បេក្ខជនណាក៏ដោយដែលមានការសង្ស័យចំពោះសមត្ថភាពរបស់លោក គួរតែចេញមុខមកប្រកួតប្រជែងជាមួយរូបលោកនៅឯសមាជរបស់គណបក្សប្រជាធិបតេយ្យ នៅខែសីហាខាងមុខ។ ក៏ប៉ុន្តែ ការប្រកួតប្រជែងរបៀបនេះ គឺគ្មានឱកាសទទួលបានជោគជ័យនោះទេ លុះត្រាតែលោក បៃដិនផ្ទាល់ស្ម័គ្រចិត្ត ប្រាប់ក្រុមប្រតិភូដែលបានបោះឆ្នោត គាំទ្ររូបលោកក្នុងការបោះឆ្នោតបឋម ឱ្យទៅគាំទ្របេក្ខជនដទៃទៀត។

គួរបញ្ជាក់ថា លោក ចូ បៃដិន កំពុងប្រឈមមុខនឹងសប្ដាហ៍ដ៏សំខាន់ ខណៈសមាជិកបក្សប្រជាធិបតេយ្យកាន់តែច្រើនឡើង បានអំពាវនាវឱ្យលោកដកខ្លួនចេញពីការប្រកួត បន្ទាប់ពី លោកធ្វើមិនបានល្អ ក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែមិថុនា៕