(គៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសន្យាសងសឹក បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩នាក់ និងបំផ្លាញមន្ទីរពេទ្យកុមារមួយកន្លែងនៅទីក្រុងគៀវ។ ការថ្លែងនេះធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅទីក្រុង Warsaw ដែលលោកបានចុះហត្ថលេខាលើកតិកាសន្តិសុខជាមួយប៉ូឡូញ។​ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។

ខណៈពេលដែលមេដឹកនាំពិភពលោក កំពុងត្រៀមចូលរួមកិច្ចប្រជុំកំពូល N​ATO នៅទីក្រុងវ៉ាស៊ីនតោន លោក Zelensky បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ផ្តល់ការឆ្លើយតបដ៏រឹងមាំចំពោះការវាយប្រហារនេះ។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនចង់ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយដៃគូ ដើម្បីវាយប្រហារទីតាំង ដែលរុស្ស៊ីបានបើកការវាយប្រហារ។

លោក Zelensky បានបញ្ជាក់ថា អ៊ុយក្រែនកំពុងរង់ចាំជំហានជាក់លាក់ពីដៃគូលោកខាងលិច ដើម្បីពង្រឹងការការពារដែនអាកាស និងការពារវិស័យថាមពលរបស់ខ្លួន។ លោកក៏បានប្រកាសផ្តួចផ្តើមកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហានេះផងដែរ។

នៅក្នុងជំនួបនោះដែរ នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បានបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន ដោយបញ្ជាក់ពីការពិភាក្សាអំពីការផ្តល់ជំនួយថាមពលដល់អ៊ុយក្រែនមុនរដូវរងា និងការបើកចំហចំពោះគំនិតនៃការបាញ់ស្ទាក់មីស៊ីលរបស់រុស្ស៊ី ដែលកំពុងឆ្ពោះទៅកាន់ទឹកដី NATO ខណៈពេលដែលវានៅតែស្ថិតនៅលើដីអ៊ុយក្រែន។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយប៉ូឡូញនេះ គឺជាកតិកាសញ្ញាទី២១ ដែលទីក្រុងគៀវ បានចុះហត្ថលេខាជាមួយបណ្តាប្រទេសផ្សេងៗ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់។ កិច្ចព្រមព្រៀងទាំងនេះមិនមែនជាកតិកាសញ្ញាការពារគ្នាទៅវិញទៅមក ដូចជាកតិកាសញ្ញារវាងប្រទេសជាសមាជិក NATO នោះទេ ប៉ុន្តែជាការសន្យាផ្តល់អាវុធ និងជំនួយផ្សេងៗដល់អ៊ុយក្រែន ដើម្បីពង្រឹងសន្តិសុខរបស់ខ្លួន និងទប់ស្កាត់ការឈ្លានពានណាមួយនាពេលអនាគត៕