(ហ្គាហ្សា)៖ មេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅអ៊ីស្រាអែល លោក Yair Lapid បានសន្យាថានឹងជួយគាំទ្រលោកនាយករដ្ឋមន្ត្រី លោក ប៊ិនយ៉ាមីន ណេតាន់យ៉ាហ៊ូ ឱ្យបន្តកាន់តំណែង ប្រសិនបើលោកយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។

ការសន្យានេះធ្វើឡើង បន្ទាប់ពីមានការព្រួយបារម្ភថា ដៃគូស្តាំនិយមមួយចំនួននៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក ណេតាន់យ៉ាហ៊ូ អាចនឹងចាកចេញពីតំណែង ប្រសិនបើសង្រ្គាមបញ្ចប់ មុនពេលដែលអ៊ីស្រាអែលបានកម្ចាត់ចោលក្រុមហាម៉ាស់ និងដោះលែងចំណាប់ខ្មាំង។

លោក ណេតាន់យ៉ាហ៊ូ កំពុងពិចារណាលើកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា។ ការសម្រេចចិត្តនេះ បានបង្កឱ្យមានការបែកបាក់ផ្ទៃក្នុងនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក ដោយសមាជិកខ្លះបានគំរាមថានឹងចាកចេញពីតំណែង ប្រសិនបើលោក ណេតាន់យ៉ាហ៊ូ យល់ព្រមលើកិច្ចព្រមព្រៀងនេះ។

ទោះបីជា លោក Lapid ជាគូប្រជែងនយោបាយរបស់ លោក ណេតាន់យ៉ាហ៊ូ ក៏ដោយ ក៏លោកបានសម្រេចចិត្តផ្តល់ការគាំទ្រដល់លោក ណេតាន់យ៉ាហ៊ូ ក្នុងការសម្រេចចិត្តដ៏លំបាកនេះ ដើម្បីជួយដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។ លោក Lapid ជឿជាក់ថា ការដោះលែងចំណាប់ខ្មាំងគឺជាអាទិភាពចម្បង ហើយលោកបានសន្យាថានឹងផ្តល់ «សុវត្ថិភាព» ដល់លោក ណេតាន់យ៉ាហ៊ូ ប្រសិនបើដៃគូចម្រុះរបស់លោកចាកចេញពីតំណែង។

គួរបញ្ជាក់ថា ការសន្យាគាំទ្រពី លោក Lapid អាចជាកត្តាសំខាន់ក្នុងការជួយឱ្យលោក ណេតាន់យ៉ាហ៊ូ អាចរក្សាតំណែងជានាយករដ្ឋមន្រ្តីបាន បើទោះបីជាមានការប្រឆាំងពីសមាជិកមួយចំនួន នៅក្នុងរដ្ឋាភិបាលរបស់លោកក៏ដោយ។ នេះក៏បង្ហាញពីការរួបរួមគ្នារវាងគណបក្សនយោបាយនៅអ៊ីស្រាអែល ក្នុងគោលបំណងដោះលែងចំណាប់ខ្មាំង និងបញ្ចប់ជម្លោះជាមួយ Hamas៕