(ម៉ានីល)៖ ហ្វីលីពីន បានសាទរចំពោះការពង្រឹងទំនាក់ទំនងយោធាជាមួយជប៉ុន ដល់កម្រិត «ខ្ពស់បំផុត» បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំង នៅលើទឹកដីរបស់គ្នាទៅវិញទៅមក នៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងយោធាដែលហៅកាត់ថា RAA ដែលជាកិច្ចព្រមព្រៀងដំបូងបង្អស់របស់ជប៉ុននៅអាស៊ី នឹងសម្រួលដល់ការចូលនៃឧបករណ៍ និងកងទ័ពសម្រាប់ការហ្វឹកហ្វឺនប្រយុទ្ធ និងការឆ្លើយតបគ្រោះមហន្តរាយ ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងម៉ានីល និងទីក្រុងតូក្យូកាន់តែរលូន។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីកិច្ចប្រជុំ "2-plus-2" របស់រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសទាំងពីរថា «RAA នាំយកភាពជាដៃគូការពារជាតិរបស់យើង ទៅកាន់កម្រិតខ្ពស់មួយដែលមិនធ្លាប់មានពីមុនមក»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងយោធានេះ ធ្វើឡើងក្រោយការកើនឡើងនៃភាពតានតឹងរវាងហ្វីលីពីន និងចិន ជុំវិញបេសកកម្មរបស់ហ្វីលីពីន ក្នុងការផ្គត់ផ្គង់កងទ័ពដែលឈរជើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលជាជម្លោះ ដែលនាំឱ្យមានរបួសដល់នាវិកហ្វីលីពីនម្នាក់កាលពីខែមុន។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏គ្រោះថ្នាក់ និងការកើនឡើងឥទ្ធិពលរបស់ចិននៅទីនោះ។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន បន្ទាប់ពីត្រូវបានអនុម័តដោយសភានៃប្រទេសទាំងពីរ៕