(ប៉េកាំង)៖ ក្នុងអំឡុងពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសតាជីគីស្ថាន នៅថ្ងៃទី ៥ ខែកក្កដា សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនចិននិងតាជីគីស្ថាន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន ដែលបានចាប់ដំណើរការសកម្មភាពយកព័ត៌មានរួមស្តីពី "ទស្សនាប្រទេសចិនជាមួយគ្នា" របស់ប្រព័ន្ធផ្សព្វផ្សាយចិននិងតាជីគីស្ថាន។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា កាលពីខែឧសភា ឆ្នាំ ២០២៣ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងគណៈកម្មាធិការវិទ្យុនិងទូរទស្សន៍ជាតិតាជីគីស្ថាន ត្រូវបានដាក់បញ្ចូលក្នុងឯកសារលទ្ធផលនៃកិច្ចប្រជុំ រវាងប្រមុខរដ្ឋចិននិងតាជីគីស្ថាន។

ពេលថ្មីៗកន្លងទៅនេះ កម្មវិធីខ្សែភាពយន្តនិងទូរទស្សន៍ឆ្នើមមួយចំនួនរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយនៅប្រទេសតាជីគីស្ថាន។ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងអញ្ជើញអ្នកសារព័ត៌មាន មកពីប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសតាជីគីស្ថាន ទៅទស្សនាតំបន់នានានៃប្រទេសចិន។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មានឆន្ទៈពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងធ្វើឱ្យស៊ីជម្រៅនូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាន នៃប្រទេសតាជីគីស្ថាន។

លោក Nuriddin Said ប្រធានគណៈកម្មាធិការវិទ្យុនិងទូរទស្សន៍ជាតិតាជីគីស្ថាន មានប្រសាសន៍ថា លោកមានក្តីសោមនស្សរីករាយ យ៉ាងខ្លាំងដែលបានឃើញថា កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការវិទ្យុ និងទូរទស្សន៍ជាតិតាជីគីស្ថាន និងប្រព័ន្ធផ្សព្វផ្សាយចិន មានភាពកាន់តែស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កា។ ជាពិសេស បានធ្វើកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ជាច្រើន ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនក្នុងវិស័យវប្បធម៌ ខ្សែភាពយន្តនិងទូរទស្សន៍ វិស័យទេសចរណ៍ និងការផ្លាស់ប្តូរយុវជនជាដើម ជឿជាក់ថា វានឹងបំពេញបន្ថែមកម្លាំងរស់រវើកថែមទៀត ដល់ការប្រាស្រ័យទាក់ទង ក្នុងសង្គមស៊ីវិល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន