(កៀវ)៖ រដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសដែលទើបត្រូវបានតែងតាំងថ្មីនៃប្រទេសហូឡង់ បាននិយាយថា ការគាំទ្ររបស់ហូឡង់សម្រាប់អ៊ុយក្រែនគឺ «រឹងមាំ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០២៤។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងកៀវ រដ្ឋមន្ត្រីការពារជាតិ លោក Ruben Brekelmans និងរដ្ឋមន្រ្តីការបរទេស លោក Caspar Veldkamp បានជួបប្រធានាធិបតី លោក Volodymyr Zelenskiy និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផ្សេងៗទៀត។ រដ្ឋមន្រ្តីការបរទេស លោក Veldkamp បានប្រាប់ Reuters ថា «សាររបស់ខ្ញុំទៅកាន់មន្ត្រីទាំងអស់នៅក្នុងរដ្ឋាភិបាលអ៊ុយក្រែន គឺហូឡង់ នឹងបន្តគាំទ្រអ៊ុយក្រែន ទាំងផ្លូវនយោបាយ យោធា ហិរញ្ញវត្ថុ និងក្នុងក្រមសីលធម៌»។ ចំណែក រដ្ឋមន្រ្តីការពារជាតិ លោក Brekelmans បានឱ្យដឹងថា ការងារដើម្បីផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែនស្ថិតក្នុងដំណើរការ និងមានការជួយពង្រឹងការការពារដែនអាកាសបន្ថែមទៀត។

គួរបញ្ជាក់ថា ហូឡង់ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ុយក្រែន គិតចាប់តាំងពីរុស្ស៉ីបើកការឈ្លានពាននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែជ័យជម្នះក្នុងការបោះឆ្នោតរបស់គណបក្សស្តាំនិយម កាលពីឆ្នាំមុន បាននាំឱ្យមានមន្ទិលសង្ស័យលើការប្តេជ្ញាចិត្តនេះ។ រដ្ឋាភិបាល​ចាស់របស់ហូឡង់​ ​បាន​និយាយ​ថា​ យន្តហោះ​ចម្បាំង F-16 ​ដំបូងក្នុង​ចំណោម​ ២៤គ្រឿងដែលបានសន្យា ​នឹង​ត្រូវ​បញ្ជូនទៅអ៊ុយក្រែនឆាប់ៗ៕