(ម៉ានីល)៖ មន្ត្រីហ្វីលីពីនម្នាក់បាននិយាយថាហ្វីលីពីន និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាមួយ ឬហៅកាត់ថា RAA ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំង២ ដាក់ពង្រាយកងកម្លាំងរបស់ ពួកគេនៅលើទឹកដីគ្នាទៅវិញទៅមក ហើយដែលនេះជាការបើកទំព័រថ្មីមួយនៃទំនាក់ទំនងសន្តិសុខរវាងត្យូក្យូ និងម៉ានីល ចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមមន្ត្រីទំនាក់ទំនងនៃការិយាល័យប្រធានាធិបតីហ្វីលីពីន គឺលោកស្រី Cheloy Garafil រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងពិធីមួយរៀបចំឡើងក្នុងទីក្រុងម៉ានីល ក្រោមសក្ខីភាពរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr។ កិច្ចព្រមព្រៀងនេះនឹងជួយ សម្រួលកិច្ចសហប្រតិបត្តិការយោធា តួយ៉ាងដូចជាការធ្វើទស្សនកិច្ចរបស់កងកម្លាំងនៃប្រទេសទាំង២ ខណៈកិច្ចព្រមព្រៀងនេះនឹងត្រូវចូលជាធរមានបន្ទាប់ពីសភានៃប្រទេសទាំងផ្ដល់សច្ចាប័ន។

គួរបញ្ជាក់ថា ហ្វីលីពីន ក៏មានកិច្ចព្រមព្រៀងយោធាស្រដៀងគ្នាជាមួយជប៉ុន ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរ ដែលគេស្គាល់ថា Visiting Forces Agreement (VFA)។ ចំណែកឯ ជប៉ុនវិញមានកិច្ចព្រមព្រៀងស្រដៀងគ្នានឹង RAA ជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេស ហើយកំពុងស្ថិតក្នុងកិច្ចចរចាលើកិច្ចព្រមព្រៀងផ្សេងទៀតជាមួយបារាំង៕