(នីញ៉ាម៉េ)៖ កងទ័ពអាមេរិក បានដកចេញទាំងស្រុងពីមូលដ្ឋានរបស់ខ្លួន ក្នុងរដ្ឋធានីនីញ៉ាម៉េ នៃប្រទេសនីហ្សេហើយ ព្រមទាំងនឹងចាកចេញពីមូលដ្ឋានទ័ពក្នុងទីក្រុង Agadez ស្ថិតនៅភាគខាងជើងនៃប្រទេស នៅមុនថ្ងៃទី១៥ ខែកញ្ញា ដែលជាកាលបរិច្ឆេទកំណត់ដោយរបបសឹកនីហ្សេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

មេដឹកនាំយោធានៃប្រទេសនីហ្សេ បានលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក កាលពីខែមីនាកន្លងទៅ បន្ទាប់ពីឡើងគ្រប់គ្រងអំណាចដឹកនាំ ប្រទេស តាមរយៈការធ្វើរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ២០២៣។ សហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថាមានកងទ័ព ៦៥០នាក់ ឈរជើងនៅក្នុងប្រទេសនីហ្សេ ក្រោមបេសកកម្ម ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ នៅតាមបណ្ដាប្រទេសក្នុងតំបន់ Sahel នៃតំបន់អាហ្វ្រិកភាគខាងលិច។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នីហ្សេ និងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «ក្រសួងការពារជាតិនីហ្សេ និងក្រសួងការពារជាតិអាមេរិក សូមប្រកាសថាការដក កងទ័ពអាមេរិក និងបរិក្ខារចេញពីមូលដ្ឋានទ័ពលេខ១០១ ក្នុងរដ្ឋធានី នីញ៉ាម៉េ ត្រូវបានបញ្ចប់ជាសា្ថពរ»។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថាជើងហោះហើរចុងក្រោយដឹក កងទ័ពអាមេរិក បានចាកចេញពីរដ្ឋធានី នីញ៉ាម៉េ នៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែកក្កដា (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រសួងការពារជាតិអាល្លឺម៉ង់ ក៏បានប្រកាសដែរថានឹងបញ្ចប់ប្រតិបត្តិការនៅឯមូលដ្ឋានទ័ពអាកាសរបស់ខ្លួនក្នុងប្រទេសនីហ្សេ នៅថ្ងៃទី៣១ ខែសីហា ចំពោះមុខការកើនឡើងឥទ្ធិពលរបស់រុស្ស៉ី ក្នុងប្រទេសមួយនេះ៕