(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃអាទិត្យ ទី៧ ខែកក្កដានេះបានអះអាងថាមីស៊ីលបាលិស្ទីគរុស្ស៉ី Iskander បានកម្ទេចយានទម្រ ២គ្រឿងសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot នៅក្នុងតំបន់ Odesa នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ទៀតថាការវាយប្រហារលើ ធ្វើឡើងក្នុងតំបន់នៃទីក្រុងកំពង់ផែ Yuzhne ដោយបន្ថែមថាស្ថានីយរ៉ាដាមួយក៏ត្រូវបានកម្ទេចផងដែរ។ ប៉ុន្តែ ក្រសួងមិនបានបញ្ជាក់ឱ្យច្បាស់ថាតើការវាយប្រហារលើយានទម្រនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិក កើតមានឡើងតាំងពីពេលណានោះទេ ខណៈវីដេអូមួយបង្ហោះនៅលើ Telegram បានបង្ហាញពីការផ្ទុះជះពន្លឺចែងចាំងនៅលើទីវាលមួយគ្មានមនុស្សរស់នៅ ក្បែរឆ្នេរមួយកន្លែង តែនៅពេលបង្រួមមើល គឺពិបាកផ្ទៀងផ្ទាត់ថាជាវត្ថុអ្វីឱ្យប្រាកដ។

គួរបញ្ជាក់ថា អ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយអ្វីចំពោះការអះអាងរបស់ក្រសួងការពារជាតិរុស្ស៉ីឡើយ ហើយនៅព្រឹកថ្ងៃអាទិត្យនេះដែរ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថារុស្ស៉ីបានវាយប្រហារ លើអ៊ុយក្រែនដោយប្រើប្រាស់មីស៊ីលបាលិស្ទីគ Iskander ២គ្រាប់ តែមិនបានផ្ដល់ព័ត៌មានលម្អិតឡើយ៕