(កៀវ)៖ ក្រុមមន្ត្រីនិយាយថា រុស្សីបានបើកការវាយប្រហារដោយយន្តហោះដ្រូននៅទូទាំងប្រទេសអ៊ុយក្រែន ពេញមួយយប់ឈានចូលថ្ងៃសៅរ៍នេះ និងត្រូវចំរោងចក្រថាមពលមួយនៅក្នុងតំបន់ Sumy ភាគឦសាននៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាកងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ ២០២៤។

ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ Ukrenergo បានឱ្យដឹងថា រោងចក្រថាមពលក្នុងតំបន់ Sumy ត្រូវរងការខូចខាត និងបង្ខំឱ្យមានការបិទចរន្តអគ្គិសនីជាបន្ទាន់សម្រាប់ប្រតិបត្តករឧស្សាហកម្ម នៅទីក្រុង Sumy។ ក្រុមជួសជុលកំពុងធ្វើការដើម្បីស្តារការផ្គត់ផ្គង់ឡើងវិញ។ ភ្លាមៗនៅមិនទាន់មានរបាយការណ៍នៃការខូចខាតនោះទេ។

គួរបញ្ជាក់ថា ចាប់តាំងពីខែមីនាមក កងកម្លាំងរុស្ស៉ីបានបង្កើនការទម្លាក់គ្រាប់បែកទៅលើវិស័យថាមពលអ៊ុយក្រែន បង្កការខូចខាតដល់បណ្តាញផ្គត់ផ្គង់កំដៅ និងវារីអគ្គិសនីជាច្រើនកន្លែង ហើយបង្ខំឱ្យមានការដាច់ភ្លើងក្នុងរយៈពេលយូរ នៅទូទាំងប្រទេស។ Ukrenergo ក៏មានគម្រោងកាត់ផ្តាច់ចរន្តអគ្គិសនីពេញមួយថ្ងៃនៅទូទាំងប្រទេស ដោយសារការផលិតក្នុងស្រុក និងការនាំចូលអគ្គិសនីមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់៕