(ប៊ុយដាប៉ែស)៖ ក្រសួងការបរទេសហុងគ្រី បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ហុងគ្រី បានលុបចោលកិច្ចប្រជុំនៃរដ្ឋមន្ត្រីការបរទេសជាមួយអាល្លឺម៉ង់ ដែលគ្រោងរៀបចំនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក្នុងទីក្រុង Budapest ដោយសារតែហេតុផលបច្ចេកទេស មិនមែនជារឿងនយោបាយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ ២០២៤។

សេចក្តីថ្លែងការណ៍របស់ក្រសួងបញ្ជាក់ថា ដោយសារតែការផ្លាស់ប្តូរមិនបានព្រៀងទុកក្នុងប្រតិទិនការងាររបស់រដ្ឋមន្ត្រី ក្រសួងស្នើសុំលើកពេលប្រជុំ ដោយសង្ឃឹមអាចនឹងធ្វើឡើងនៅពេលដ៏ខ្លីខាងមុខ។ ហេតុផល​គឺ​បញ្ហាបច្ចេកទេស​សុទ្ធសាធ មិនមែនជា​រឿង​នយោបាយឡើយ»។

គួរបញ្ជាក់ថា ក្រសួងការបរទសអាល្លឺម៉ង់ បានសម្តែងការភ្ញាក់ផ្អើលខ្លាំងចំពោះការលុបចោលនូវជំនួបនេះ ហើយថាវាជាការងារចាំបាច់ បន្ទាប់ពីនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានជួបប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin កាលពីថ្ងៃសុក្រសប្តាហ៍នេះ៕