(ប៉េកាំង)៖ ដោយផ្តោតការពិភាក្សាលើតួនាទីស្ថាបនា ក្នុងការការពារសន្តិភាពនិងសន្តិសុខក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម ភស្តុភារកម្ម ថាមពល កសិកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល និងនវានុវត្តបច្ចេកវិទ្យាក៏ដូចជាធ្វើឱ្យស៊ីជម្រៅ នូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងយុវជនក្នុងចំណោម វិស័យផ្សេងៗទៀត ព្រមទាំងបង្កើនសមាជិកភាព ដើម្បីថែរក្សាការពារបំណងប្រាថ្នារួម របស់មនុស្សជាតិ កិច្ចប្រជុំក្រុមប្រឹក្សា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)​ លើកទី២៤ បានប្រារព្ធឡើង នៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន។

SCOដែលមានប្រទេសចិនជាកម្លាំងចលករ បានពន្លឿនការកើនឡើងនៃប្រជាប្រិយភាពរបស់ខ្លួន ចាប់ពីឆ្នាំ២០០១មក ទើបឆ្នាំ២០២៤នេះបាននាំឱ្យSCOមានរដ្ឋចំនួន១០ ជាសមាជិកអចិន្ត្រៃយ៍ ហើយ SCO បានលាតសន្ធឹងលើដែនដីអឺរ៉ាស៊ីដ៏ធំល្វឹងល្វើយ ដោយរួមបញ្ចូលតំបន់មជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់កូកាស ក្លាយអង្គការតំបន់ធំជាងគេបំផុត ដែលបានគ្របដណ្ដប់ប្រជាជនស្ទើរពាក់កណ្តាល នៃប្រជាជនសរុបលើពិភពលោក ហើយមានផលិតផលសរុបក្នុងស្រុករួម នៃសមាជិកទាំងអស់របស់ SCOមានទំហំ៣២% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

ក្នុងពេលដែលប្រទេសជាច្រើន នៅមានការប្រឈមមុខដាក់គ្នា និងការបែកបាក់ដែលបន្សល់ទុកដោយសង្រ្គាមត្រជាក់ មិនទាន់ត្រូវបានដោះស្រាយនៅឡើយ SCO យល់ស្របជាមួយ និងជំហរសន្តិភាពនិយមដូចដែលប្រទេសចិន ប្រកាន់ខ្ជាប់ដូចទៅនឹងប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានថ្លែងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមហាសន្និបាតរំលឹកខួបលើកទី៧០ នៃការចេញផ្សាយគោលការណ៍៥ប្រការ នៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ថា «ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សមភាព នៃអធិបតេយ្យភាព ចាក់គ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នា ទៅវិញទៅមក សម្រេចបាននូវទស្សនទាន ស្តីពីសន្តិភាពនិងសន្តិសុខ ប្រមូលផ្តុំកម្លាំងចលក ដើម្បីកសាងវិបុលភាពជាមួយគ្នា ប្រកាន់ខ្ជាប់នូវទស្សនៈ ស្តីពីភាពសច្ចយុត្តិធម៌និងបង្ហាញពីទស្សនៈ ស្តីពីការបើកចំហនិងបរិយាបន្ន»

ដោយមានភាពរួមគ្នាលើចក្ខុវិស័យច្បាស់លាស់ និងទំនួលខុសត្រូវខ្ពស់ចំពោះអនាគតមនុស្សជាតិ កិច្ចប្រជុំកំពូលSCOលើកទី២៤ បានប្រមូលថ្នាក់ដឹកនាំកំពូលនៃប្រទេស១០ ជាសមាជិកអចិន្ត្រៃយ៍ និងបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសសង្កេតការណ៍ និងដៃគូសន្ទនានានា មកជួបពិភាក្សាបង្កើនឧត្តមានុភាពពហុភាគីនិយម ការបើកចំហសេដ្ឋកិច្ចទីផ្សារ និងពាណិជ្ជកម្មសេរី នាយុគសម័យឌីជីថលដើម្បីផ្តល់ពន្លឺរស្មី កាន់តែចិញ្ចែងដល់សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសកល ព្រមទាំងបង្កើនឥទ្ធិពលដើម្បីការពារ កុំឱ្យសោកនាដកម្មប្រវត្តិសាស្រ្តសកលលោក អាចកើតមានឡើងវិញទៀត។

ក្នុងតួនាទីបុរេសកម្មរបស់ខ្លួនក្នុង SCO ប្រទេសចិនតែងយកស្មារតីនៃភាពជាដៃគូ ក្នុងយន្តការពហុភាគីនិយម ដែលស្មារតីនៃភាពជាដៃគូ គឺជាគុណសម្បត្តិដ៏ឧត្តុងឧត្តមបំផុតជំរុញកំណើនសេដ្ឋកិច្ច បំណងរួមក្នុងការដោះស្រាយវិបត្តិ និងបញ្ហាប្រឈមសកលនានា។ គំនិតផ្តួចផ្តើមទាំង៤គឺ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» «គំនិតផ្តួចផ្តើមអរិយធម៌សកល» របស់ប្រទេសចិនបានជួយជំរុញល្បឿន និងប្រជាប្រិយភាពរបស់សមាជិក SCO ទាំងអស់ បើទោះបីជាសមាជិកទាំងអស់មានភាពខុសប្លែកគ្នា នៅក្នុងលក្ខខណ្ឌជាតិនិងដំណាក់កាល នៃការអភិវឌ្ឍយ៉ាងណាក៏ដោយ។

ថ្លែងចេញពីកិច្ចប្រជុំកំពូល SCO លើកទី២៤ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានជំរុញ ឱ្យរដ្ឋសមាជិកប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃសន្តិសុខរួម ទូលំទូលាយ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ដោះស្រាយ បញ្ហាប្រឈមសន្តិសុខដែលស្មុគស្មាញ និងជាប់ទាក់ទងគ្នាតាមរយៈកិច្ចសន្ទនានិងការសម្របសម្រួល និងឆ្លើយតបទៅនឹង ការផ្លាស់ប្តូរទិដ្ឋភាពអន្តរជាតិយ៉ាងជ្រាលជ្រៅ ជាមួយនឹងវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីកសាងពិភពលោក នៃសន្តិភាពយូរអង្វែង និងថែរក្សាសន្តិសុខសកល ធានាយុត្តិធម៌ និងជំរុញគំនិតទូលំទូលាយ នៃការរួមបញ្ចូលនិងការរៀនសូត្រគ្នា ទៅវិញទៅមក។

ដោយមានប្រទេសចិនជាចលករ នៅក្នុងកិច្ចការពារផលផ្លែនៃការអភិវឌ្ឍសន្តិភាព នៃចំណងយ៉ាងរឹងមាំពីក្រុមរដ្ឋចម្រុះជាតិសាសន៍ ដែលបានរួមកម្លាំងគ្នាស្ថាបនាអង្គការនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខអឺរ៉ាស៊ីប្រកបដោយទំនួលខុសត្រូវ ចំពោះជោគវាសនារួមនៃមនុស្សជាតិ។

ថ្នាក់ដឹកនាំនៃរដ្ឋដែលជាសមាជិករបស់អង្គការតំបន់មួយនេះ បានរួមចំណែកយ៉ាងសំខាន់ដល់អភិបាលកិច្ចសកល តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការថែរក្សាសន្តិសុខ ស្ថិរភាព និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសកល ព្រមទាំងបានពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសសង្កេតការណ៍ និងដៃគូសន្ទនានានា និងសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសហប្រជាជាតិ និងអង្គការតំបន់និងអន្តរជាតិដទៃផ្សេងទៀត។

លោក Xi Jinping ប្រធានរដ្ឋចិនក៏បានលើកទឹកចិត្តដល់ SCO សម្រាប់យន្តការដោះស្រាយការគំរាមកំហែង និងបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ សម្រាប់សន្តិភាពនិងការអភិវឌ្ឍ នៅអាហ្វហ្គានីស្ថាន និងគាំទ្រការដោះស្រាយដ៏ទូលំទូលាយ និងយុត្តិធម៌ចំពោះបញ្ហាប៉ាឡេស្ទីនដោយផ្អែកលើ ដំណោះស្រាយរដ្ឋឯករាជ្យពីរ។

ដើម្បីសម្រេចនូវគោលដៅ ក្នុងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងជាអ្នកជិតខាងល្អ ដែលប្រទេសចិនមានឆន្ទៈ ក្នុងការផ្តួចផ្តើម ចូលរួមចែករំលែកនូវកាលានុវត្តភាពអភិវឌ្ឍជាមួយ សមាជិកទាំងអស់ដែលបានចូលរួមពួតដៃ គ្នាក្រោមឆ័ត្រវិបុលភាពរបស់ SCO។ ដោយមានចិនជាអ្នកផ្តួចផ្តើមបណ្តាសមាជិក SCO បាននិងកំពុងពង្រឹងទំនាក់ទំនង គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន និងការពង្រីកទំហំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីធ្វើ «នំខេក»ផលប្រយោជន៍កាន់តែធំជាងមុនក្នុងការនាំសុភមង្គល ជូនដល់មនុស្សជាតិកាន់តែប្រសើរឡើង ហើយដែលពិភពលោកកំពុងសម្លឹងមើល យកចិត្តទុកដាក់ ដើម្បីទាញបាននូវផលប្រយោជន៍ និងកាលានុវត្តភាពពីខ្លឹមសារជាសារវន្ត នៃប្រសាសន៍ប្រកបដោយអត្ថន័យរបស់លោក Xi Jinping ប្រធានរដ្ឋចិនថា «សមាជិក SCO គួរតែប្រកាន់ខ្ជាប់នូវផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្ន រួមដៃគ្នាដើម្បីជំរុញ ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់ឱ្យមានស្ថិរភាព និងរលូន ជំរុញកម្លាំងជំរុញផ្ទៃក្នុង នៃសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើការឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍រួម»

ជារួម ដោយរក្សានូវបំណងប្រាថ្នាដើមនៃ «ស្មារតីសៀងហៃ» SCO នឹងក្លាយជាឆ័ត្រប្រកបដោយវិបុលភាព ក្នុងជួយគ្នាទៅវិញទៅមករវាង រដ្ឋសមាជិកទាំងអស់ ដើម្បីប្រកៀកស្មាគ្នាដើរយ៉ាងស្វាហាប់នៅលើ ផ្លូវឆ្ពោះទៅរកភាពជោគជ័យ រួមគ្នារក្សាទិសដៅអភិវឌ្ឍន៍របស់ SCO និងកសាង SCO ទៅជាឆ្អឹងខ្នងដែលអាចទុកចិត្តបាន សម្រាប់បណ្តាប្រទេសនានា និងអង្គការសហប្រជាជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន