(ប៉េកាំង)៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំលើកទី២៤នៃក្រុមប្រឹក្សាប្រមុខរដ្ឋ នៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន។

លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីការបង្កើតអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ អស់រយៈពេល ២៣ ឆ្នាំមក ចំនួនរដ្ឋសមាជិកបានកើនឡើងដល់ ១០ ប្រទេស ។ "មហាគ្រួសារនៃអង្គការសហប្រតិបត្តិការសៀងហៃ" បានគ្របដណ្តប់ប្រទេសចំនួន ២៦ លើទ្វីបចំនួនបី ជាមួយនឹងដៃគូកាន់តែច្រើនឡើងៗ និងមានមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាងមុន។

បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់ជួប ក្នុងរយៈពេលមួយសតវត្សបាននិងកំពុងវិវត្តកាន់តែលឿន  ហើយសង្គមមនុស្សជាតិ បានឈរនៅលើផ្លូវបំបែក នៃប្រវត្តិសាស្ត្រម្តងទៀត។ ការដែលអង្គការសហប្រតិបត្តិការសៀងហៃ ឈរនៅម្ខាងនៃភាពត្រឹមត្រូវ នៃប្រវត្តិសាស្ត្រ និងនៅម្ខាងនៃភាពសច្ចយុត្តិធម៌ គឺមានសារៈសំខាន់យ៉ាងក្រៃលែង សម្រាប់ពិភពលោក។

លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងការគំរាមកំហែងជាក់ស្តែងពីគំនិតសង្គ្រាមត្រជាក់ យើងត្រូវការពារ ខ្សែបន្ទាត់ក្រហមសន្តិសុខឱ្យបាន។ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តទស្សនៈសន្តិសុខ ដែលរួមគ្នា ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងសន្តិសុខ ដែលស្មុគស្មាញនិងចាក់ស្រេះ តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងបម្រែបម្រួល និម្មាបនកម្មអន្តរជាតិដ៏ជ្រាលជ្រៅ តាមរយៈគំនិតឈ្នះ-ឈ្នះ និងរួមគ្នាកសាងពិភពលោក ដែលមានសន្តិភាពយូរអង្វែង និង មានសន្តិសុខជាទូទៅ។

លោក Xi Jinping បានថ្លែងទៀតថា ប្រឈមមុខនឹងហានិភ័យជាក់ស្តែងនៃ "ការបង្កើតរបាំងខ្ពស់" យើងត្រូវគាំពារសិទ្ធិក្នុងការអភិវឌ្ឍ។ ប្រកាន់ខ្ជាប់នូវបរិយាបន្ន រួមគ្នាជំរុញការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា គាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ បំផុសកម្លាំងចលករនៃសេដ្ឋកិច្ចក្នុងតំបន់ និងជំរុញការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍រួម។ មេដឹកនាំ នៃរដ្ឋសមាជិកដែលបានចូលរួមកិច្ចប្រជុំ បានវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រតិបត្តិការសៀងហៃ ដែលបានដើរ តួនាទីមាន លក្ខណៈស្ថាបនាក្នុងការគាំ ពារ សន្តិភាព និងសន្តិសុខក្នុងតំបន់ ហើយចុះហត្ថលេខានិងចេញផ្សាយ «សេចក្តីប្រកាស Astana នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋ សមាជិក អង្គការសហប្រតិបត្តិការសៀងហៃ» និងអនុម័តគំនិតផ្តួចផ្តើមរបស់ អង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីការដែល ប្រទេស នានារួម សាមគ្គី គ្នា ដើម្បីជំរុញ យុត្តិធម៌ សុខដុមរមនា និងការអភិវឌ្ឍលើ ពិភពលោក ព្រមទាំងចេញសេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍នៃទំនាក់ទំនង ភាពជាដៃគូ មាន ទំនុកចិត្តគ្នា និង សុខដុមនីយកម្ម ជាមួយប្រទេសជិតខាង និងធ្វើសេចក្តីសម្រេចចិត្តមួយចំនួនពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការក្នុង វិស័យថាមពល ការវិនិយោគ សន្តិសុខព័ត៌មានវិទ្យា និងវិស័យផ្សេងៗទៀត៕