(ព្រុចសែល)៖ ក្រុមមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអង្គការ NATO គ្រោងនឹងសន្យានៅសប្តាហ៍ក្រោយ ស្តីពីការបន្តរក្សារំហូរអាវុធនិងគ្រាប់ទៅកាន់អ៊ុយក្រែន ក្នុងកម្រិតដូចសព្វថ្ងៃ សម្រាប់រយៈពេលយ៉ាងហោចណាស់ ១ឆ្នាំទៀត ក្រោមក្តីសង្ឃឹមថា​ វានឹងជួយផ្តល់​ការធានាទុកចិត្តដល់អ៊ុយក្រែន អំពីការបន្តគាំទ្ររបស់ពួកគេ ហើយទន្ទឹមគ្នា បង្ហាញឱ្យប្រធានាធីបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មើលឃើញថា ពួកគេនឹងមិនចាកចោលអ៊ុយក្រែនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រសប្តាហ៍នេះ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយថា ប្រទេសទាំង៣២ ដែលជាសមាជិករបស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បានចំណាយថវិកាសរុបប្រហែល៤០ពាន់លានអឺរ៉ូ (៤៣ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ទៅលើសព្វាវុធនិងសម្ភារយោធាសម្រាប់អ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងដំបូង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយនេះគួរតែជាខ្សែបន្ទាត់គោលអប្បបរមា ចាប់ពីឥឡូវតទៅខាងមុខ។

លោក Stoltenberg បាននិយាយដូច្នេះថា «ខ្ញុំរំពឹងថា ក្រុមសម្ព័ន្ធមិត្ត NATO នឹងសម្រេចចិត្តនៅឯកិច្ចប្រជុំកំពូលសប្តាហ៍ក្រោយ ដើម្បីបន្តរក្សាការផ្គត់ផ្គង់សព្វាវុធក្នុងកម្រិតបច្ចុប្បន្ន សម្រាប់រយៈពេលយ៉ាងហោច ១ឆ្នាំបន្ទាប់ទៀត»។ បើតាមប្រមុខ NATO រូបនេះ បរិមាណនៃការផ្តល់ នឹងត្រូវបែងចែកក្នុងចំណោមសមាជិក NATO ដោយផ្អែកលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ហើយក្រុមមេដឹកនាំ NATO នឹងពិនិត្យមើល​តួលេខទាំងនោះឡើងវិញ នៅពេលពួកគេជួបគ្នាជាថ្មី នៅឆ្នាំ២០២៥។

គួរបញ្ជាក់ថា ក្រុមមេដឹកនាំ NATO នឹងត្រូវបើកកិច្ចប្រជុំកំពូល នៅរដ្ឋធានីវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក រយៈពេលសរុប៣ថ្ងៃ ដោយ​ចាប់ផ្តើមពីថ្ងៃអង្គារសប្តាហ៍ក្រោយ នាឱកាសខួបទី៧៥ នៃការបង្កើតបក្សសម្ព័ន្ធយោធានេះឡើង និងស្របពេលដែលកងកម្លាំងរបស់រុស្ស៉ី កំពុងតែបន្តព្យាយាមវាយលុករុលទៅមុខ នៅតាមខ្សែបន្ទាត់សមរភូមិមុខ នៃតំបន់ភាគខាងកើតអ៊ុយក្រែន ក្នុងឆ្នាំទី៣ នៃសង្រ្គាម៕