(វ៉ាស៉ីនតោន)៖ ពិភពលោកនៅ តែបន្តតាមដានស្ថានការណ៍នយោបាយវិវត្តន៍ នៅក្នុងសហរដ្ឋអាមេរិកខណៈ គណបក្សប្រជាធិបតេយ្យ ដែលមាន នយោបាយការបរទេស របស់ខ្លួន ជួយអន្តរាគមន៍លើ ជម្លោះនិងភាពតានតឹងនានា កំពុងរងនឹងភាពរំជើបរំជួល ចង់រកការផ្លាស់ប្តូរ មេដឹកនាំគណបក្សប្រជាធិបតេយ្យរបស់ខ្លួន។ ភាពរំជួលផ្ទៃក្នុងគណបក្សដើម្បីរកមនុស្ស ដែលសក្តិសមដឹកនាំគណបក្ស ជាបន្តទៅមុខទៀតនោះ គឺជានយោបាយដ៏ចាំបាច់មួយរបស់គណបក្សប្រជាធិបតេយ្យដើម្បីរារាំងលោកដូ ណាល់ត្រាំ មិនឱ្យក្លាយជាប្រធានាធិបតីអាមេរិកសាឡើងវិញ។ តើគណបក្សប្រជាធិបតេយ្យក្នុងសហរដ្ឋអាមេរិក បានរ់ៀបចំសេណារីយ៉ូអ្វីខ្លះ នាពេលនេះ។

ប្រធានាធិបតីលោក Joe Biden ត្រូវធ្វើកិច្ចការជាច្រើនជាបន្ថែមនិងត្រូវធ្វើឱ្យបានលឿនថែម ទៀតដើម្បីបំបាត់ភាពភ័យស្លន់ស្លោ របស់សមាជិកក្នុង គណបក្សកាន់អំណាច ដែលនិយាយ ហាក់ដូចជាបង្ហាញការមិនទុកចិត្តដល់សមត្ថភាពដឹកនាំ របស់រូបលោកឡើយ បន្ទាប់ពីកិច្ចពិភាក្សាជុំដំបូង ជាមួយនឹងលោកដូណាល់ ត្រាំ។

កិច្ចពិភាក្សាជុំទី២និងទំនងជា កិច្ចពិភាក្សាចុងក្រោយបង្អស់មួយទៀត រវាងបេក្ខភាពប្រធានា ធិបតីនៃគណបក្សធំទាំង២ របស់សហរដ្ឋអាមេរិក គ្រោងនឹងមកដល់នៅថ្ងៃ១០កញ្ញា ឆ្នាំ២០២៤ ដែលកិច្ចពិភាក្សាលើកនេះ នឹងត្រូវរៀបចំដោយកម្មវិធីទូរទស្សន៍ABC របស់សហរដ្ឋអាមេរិក។

*** គណបក្សប្រជាធិបតេយ្យកំពុងរៀបចំសេណារីយ៉ូស្តារមុខមាត់
សេចក្តីរាយការណ៍បង្ហាញថា ពេលនេះបន្ទាប់ពីលោក Lloyd Doggett ដែលជាតំណាងរាស្ត្រ នៃរដ្ឋតិចសាស់របស់ គណបក្សប្រជាធិបតេយ្យ ដែលបានក្លាយជាមនុស្សដំបូងគេបំផុតក្នុង សម្តីអំពាវនាវឱ្យមានការផ្លាស់ប្តូរបេក្ខភាពលោកចូ បៃដិន នោះមក, ឥស្សរជននយោបាយ កំពូលៗក្នុងគណបក្សប្រជាធិបតេយ្យដដែលនេះ ក៏កំពុងតែស្នើសុំឱ្យមានការបើកចំហ ក្នុង ការចង់ដឹង នូវព័ត៌មានលម្អិតបន្ថែមទៀតទាក់ទង សុខភាពនិងស្ថានភាពផ្លូវចិត្តរបស់លោក ចូ បៃដិន។

ទង្វើទាំងនេះត្រូវគេចាត់ទុកថាជាភាពរំជើបរំជួលមួយ ហាក់ដូចជាកំពុងបង្ហាញថាបេក្ខជន របស់គណបក្សប្រជាធិបតេយ្យ ដែលត្រូវចូលរួមប្រកួតប្រជែង ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ ២០២៤ដែលត្រូវបានតែងតាំងរួចមកនេះ មិនមែន ជាបុគ្គល ដែលមានសមត្ថភាពគ្រប់គ្រាន់ អាចតតាំងជាមួយនឹងលោក ដូណាល់ត្រាំ បានឡើយ។

លោកចូបៃដិនត្រូវបានតែងតាំងជា បេក្ខជនប្រធានាធិបតីអាណ្ណត្តិ របស់គណបក្សប្រជាធិប តេយ្យបន្ទាប់ពីលោកបានឈ្នះលើការបោះឆ្នោត Primary Vote ពីប្រតិភូបក្ខចំនួន៣,៨៩៦ សម្លេង។ ការសម្រេចចិត្តត្រូវដើរចេញឬមិនដើរចេញ ត្រូវគេនិយាយថា វានឹងអាស្រ័យទៅ លើរូបលោកចូបៃដិន។ ភាពរំជើបរំជួល ក្នុងរង្វង់គណបក្សប្រជាធិបតេយ្យ ដែលកំពុងបង្ហាញការសង្ស័យលើសមត្ថភាព ដឹកនាំរបស់លោកចូបៃដិននេះ គឺនៅបន្ទាប់ពីកិច្ចពិភាក្សារយៈពេល ៩០នាទីកាលពីថ្ងៃទី២៧ មិថុនានោះរួចមក។

ដោយសារតែកំហុសមួយពេល, រាល់កិច្ចខិតខំប្រឹងប្រែងរយៈពេលបីឆ្នាំកន្លះ ដែលលោក ប្រធានាធិបតីនិងសមាជិករដ្ឋាភិ បាលក្រុងវ៉ាស៊្ហីនតោនបានធ្វើចំពោះ ប្រទេសជាតិនិងចំពោះ ពិភពលោកទាំងអម្បាលម៉ាននោះ ហាក់ដូចជាត្រូវបានរលាយ តែមួយពព្រិចភ្នែកទៅវិញ។ ខណៈកិច្ចពិភាក្សាមិនទទួលបានជោគជ័យ និងត្រូវបានគេបន្ទោសដាក់ទៅលើវ័យចាស់ជរា របស់លោកចូបៃដិនទៅហើយនោះ, ប្រធានាធិបតីអាយុ៨១ឆ្នាំរូបនេះ នៅឆ្លៀតនិយាយលេងសើចទៅកាន់ ណ្តាអ្នកទ្រទ្រង់ និងជួយឧបត្ថម្ភដល់យុទ្ធនាការ របស់លោកថែមទៀត។

គួរបញ្ជាក់ថាក្រោមការឃើញ នូវភាពទន់ខ្សោយដោយសារវ័យចាស់ជរា របស់លោកកាលពី ថ្ងៃព្រហស្បតិ៍ទី២៧មិថុនានោះមក ក្រុមម្ចាស់ជំនួយឧបត្ថម្ភធំៗ បានសម្តែងភាពខ្វល់ខ្វាយ របស់ពួកគេរួចទៅហើយ ដោយពួកគេថែមទាំងបានលើក បញ្ហាព្រួយបារម្ភនោះទៅកាន់គណៈកម្មាធិការគណបក្សប្រជាធិបតេយ្យ អំពីការចង់ដឹងថា តើលោកចូបៃដិន អាចក្លាយជាប្រធានា ធិបតីថ្មីបានមួយអាណ្ណត្តិទៀតនៃរយៈពេលបួនឆ្នាំទៅមុខ ឬបានតិចជាងនេះ នៅក្នុងរយៈ ពេលកាន់កាប់អំណាចនាសេតវិមាន ខាងមុខទៀតនេះ?

ប៉ុន្តែនៅល្ងាចថ្ងៃទី២កក្កដា គឺ៥ថ្ងៃក្រោយកិច្ចពិភាក្សានោះមក លោក ចូបៃដិនបាននិយាយ លេងសើចប្រាប់ប្រាប់ក្រុមម្ចាស់ជំនួយ ដែលឧបត្ថម្ភថវិកាថា លោក «វិះតែនឹងដេកលក់ថែម ទៀត» ក្នុងពេល ស្ថិតលើវេទិកាដេញដោលសមត្ថភាពគ្នា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នោះ។ ប៉ុន្តែលោកបានបន្ទោសនូវ ភាពអស់កម្លាំងនេះ គឺដោយសារការធ្វើដំណើរដ៏លំបាក ចំនួន២លើករបស់លោកទៅកាន់ទ្វីបអឺរ៉ុបកាលពីខែមុន។

ការឆ្លើយបន្ទោសដាក់ទៅលើដំណើរទៅកាន់ទ្វីបអឺរ៉ុប ដែលបណ្តាលឱ្យរូបលោកមិនអាចមាន ស្មារតីភ្លឺស្វាងល្អក្នុងការធ្វើកិច្ចពិភាក្សា ជាមួយនឹងលោក ដូណាល់ត្រាំនោះ ក៏ត្រូវបានគេបារម្ភ ថាវាដូចជាសម្តីសារភាពបញ្ជាក់ប្រាប់ថាវ័យ៨១ឆ្នាំ របស់រូបលោកមិនអាចធ្វើកិច្ចការទាំងនោះ បានល្អទៀតឡើយ។ ដូច្នេះជាមួយចម្លើយដោះសារទាំងនេះ ខណៈបង្ហាញនូវភាពជម្នះចង់បន្ត ការប្រកួតប្រជែងក្នុងអាយុវ័យចាស់ ចង់ក្លាយជាប្រធានាធិបតីមួយអាណ្ណត្តិទៀតក្នុងរយៈ ពេល ៤ឆ្នាំទៅមុខទៀតនោះ ចង់ឬមិនចង់វាគឺជាសមីកាដ៏ស្មុគស្មាញមួយយ៉ាងហោចក៏សម្រាប់ ក្រុមម្ចាស់ជំនួយឧបត្ថម្ភថវិការបស់ គណបក្សប្រជាធិបតេយ្យនោះដែរ។

កិច្ចពិភាក្សាដែលចង់បង្ហាញ នូវសមត្ថភាពអ្នកដឹកនាំអាណ្ណត្តិថ្មី ឆ្នាំ២០២៤ដល់ឆ្នាំ២០២៨រៀប ចំដោយកម្មវិធី CNN កន្លងមកនេះ បានបង្ហាញនូវបេក្ខជន២រូប ដែលម្នាក់ជាមនុស្សរងការ ចោទប្រកាន់នូវបទឧក្រិដ្ឋ និងម្នាក់ទៀតគឺជា មនុស្សមានវ័យចំណាស់ នឹងការងារមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រអាមេរិក។

ការជជែកដេញដោលនាពេលខាងមុខនេះទៀតកំពុងតែធ្វើឱ្យសមាជិកគណបក្សប្រជាធិប តេយ្យជាច្រើនមានក្តីបារម្ភខ្លាចក្រែង ចម្លើយរបស់លោកចូបៃដិន នឹងអាចត្រូវបានលោក ដូណាល់ត្រាំ កេងយកចំណេញ ដោយសារតែលោកចូបៃដិនដែលមានវ័យចំណាស់ ជាងលោកដូណាល់ត្រាំ នោះត្រូវគេមើលឃើញថា ទន់ខ្សោយ និងមានភាពថយថយខាងផ្លូវចិត្តថែមទៀត។

នាពេលនេះ ខណៈអ្វីៗបានផ្ទុះឡើងក្នុងរង្វង់ក្តីបារម្ភខ្លាចក្រែង លោកចូបៃដិនមិនអាចធ្វើកិច្ច ពិភាក្សាជាលើកទី២បានទទួលជោគជ័យ ថែមទៀតនោះ ក៏មានការអំពាវនាវខ្លះ ដែលសុំឱ្យលោកចូបៃដិនចាកចេញពីតំណែងដើម្បី ឱ្យគណបក្សប្រជាធិបតេយ្យ អាចជ្រើសរើសបេក្ខជនណាម្នាក់ទៀតដើម្បី ធ្វើការប្រកួតប្រជែង ជាមួយនឹងលោកដូណាល់ត្រាំ។

បើទោះបីជា លោកចូបៃដិន មិនបានឆ្លើយតបចំពោះសេចក្តីអំពាវនាវមួយចំនួនទាំងនោះមែន ប៉ុន្តែលោកមិនអាចថា នឹងរក្សាការមិនឆ្លើយតប ចំពោះការអំពាវនាវរបស់ឥស្សរជននយោបាយជាន់ខ្ពស់ របស់គណបក្សប្រជាធិបតេយ្យនោះបានដែរ។

សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យលោក Peter Welch មកពីរដ្ឋ Vermont បានថ្លែង កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះថា «សំណួរដ៏ធំដែលនឹងចូលទៅ ក្នុងការជជែកពិភាក្សានោះ គឺជា សំណួរអាយុ»។ លោកបានបន្តថា «លទ្ធផលនៃកិច្ចពិភាក្សាដេញដោលគ្នា គឺជាសំណួរស្តីពីអាយុដែលគេនឹងត្រូវនិយាយ សង្កត់ធ្ងន់អំពីរឿងនោះ»។

លោក Peter Welch បានប្រាប់ស៊ីអិនអិនថា «យើងត្រូវតែដោះស្រាយជាមួយនឹងបញ្ហានោះ ។ លោកថារឿងនោះវាជារឿងពិត ដែលយើងត្រង់និយាយត្រង់ទៅ ត្រង់មកជាមួយគ្នាពីព្រោះនា ចុងបញ្ចប់ សំណួរដែលគណបក្សប្រជាធិបតេយ្យ ត្រូវប្រឈមនោះ គឺថាតើយើងត្រូវបញ្ចៀស មិនឱ្យលោក ដូណាល់ត្រាំ ក្លាយជាប្រធានាធិបតីនោះ ដោយរបៀបណា?»

លោក Peter Welch បានបន្តថា វាមិនថាការសម្រេចចិត្តទាំងនោះ នឹងមានដោយរបៀបណា មួយនោះទេ ប៉ុន្តែការសម្រេចចិត្ត ត្រូវធ្វើដោយមានការឆ្លុះបញ្ចាំង ដោយលក្ខណៈត្រឹមត្រូវគឺថា តើវិធីដ៏ល្អប្រសើរបំផុតដើម្បីការពារប្រជាធិបតេយ្យ និងការពារសហរដ្ឋអាមេរិកនោះ ត្រូវធ្វើដោយរបៀបណា? ទោះជាយ៉ាងណាក៏ដោយ វិធីមួយនៃការខ្នះខ្នែងជួយស្តារលើកមុខលោក ចូបៃដិន នឹងរំពឹងធ្វើនៅថ្ងៃសុក្រទី៥កក្កដាឆ្នាំ២០២៤។

*** ការរៀបចំឱ្យលោក Biden ធ្វើកិច្ចសម្ភាសន៍ ABC
នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីរំងាប់កង្វល់សាធារណៈ លោក Biden នឹងត្រូវផ្តល់បទ សម្ភាសន៍មួយដល់លោក George Stephanopoulos នៃសារព័ត៌មាន ABC News ដែលត្រូវ ធ្វើនៅថ្ងៃសុក្រ ទី៥កក្កដានេះ។ កិច្ចសម្ភាសន៍នេះនឹងក្លាយជា ការសាកល្បងដ៏សំខាន់មួយអំពី ភាពច្បាស់លាស់របស់ លោកចូបៃដិនជាជាងការជជែកពិភាក្សា។ គេរំពឹងថាលោកចូបៃដិន នឹងអាចរៀបរាប់តាមសំណួរនិងចម្លើយនានា ដែលកម្មវិធីត្រូវរៀបចំដើម្បីបង្ហាញនូវសមត្ថភាព និងផ្តល់ជំនឿជឿជាក់ថាវ័យចំណាស់ មិនមែនជាឧបសគ្គដែលគេកំពុងបារម្ភនោះឡើយ។

លោកចូបៃដិន ក្រោយមកទៀត គឺនៅថ្ងៃពុធសប្តាហ៍ក្រោយ នឹងត្រូវមានជំនួបជាមួយបណ្តា អភិបាលរដ្ឋនានារបស់ គណបក្សប្រជាធិបតេយ្យ នៅក្នុង រដ្ឋធានីវ៉ាស៊ីនតោន, ទាំងជំនួបជា បុគ្គលផងនិងជាជំនួបជារួមផង។ ការគ្រោងធ្វើជំនួបនាពេលខាងមុខនេះ គឺបន្ទាប់មានពីការ ស្នើសុំរកការជួបដោយ ផ្ទាល់ដើម្បីឱ្យសមាជិកគណបក្សប្រជាធិបតេយ្យ មានជំនឿនិងការ ពង្រឹងក្តីទំនុកចិត្តដល់រូប លោកប្រធានាធិបតីនិងបញ្ចៀសក្តីព្រួយបារម្ភរបស់ពួកគេដែល រំពឹង លើក្តីសង្ឃឹមជឿជាក់ចំ ពោះលោកចូបៃដិនក្នុង ការឈានទៅរកការកាន់អំណាចក្នុងអាណ្ណត្តិ ទី២តាមរយៈការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤។

អភិបាលរដ្ឋ Kentucky គឺលោក Andy Beshear ដែលជាអភិបាលរដ្ឋម្នាក់ក្នុងចំណោមអភិ បាលរដ្ឋនានារបស់ គណបក្សប្រជាធិបតេយ្យ បាននិយាយនៅក្នុង បទសម្ភាសន៍ដ៏ច្បាស់លាស់ មួយជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារថា ការជជែកដេញដោលរបស់លោក Biden គឺ មានលក្ខណៈ "រដាក់រដុប"។ លោកបានថ្លែងបន្តថាបើទោះបី មានមានការស្ទង់មតិនិយាយ យ៉ាងណាក៏ដោយ កិច្ចជជែកពិភាក្សាដេញដោល វានឹងធ្វើឱ្យប៉ះពាល់ដល់យុទ្ធនាការរបស់ លោក។

លោក Beshear ដែលគេនិយាយថាលោកជាបេក្ខជន ក៏មានសក្តានុពលម្នាក់អាចជំនួសលោក ចូបៃដិនដែរនោះ បាននិយាយថា «Joe Biden គឺជាបេក្ខភាពតែងតាំង របស់យើង… ហើយទីបំផុតការសម្រេចចិត្តបន្ត ឬនឹងមិនបន្តគឺអាស្រ័យទៅលើរូបលោក និងគ្រួសាររបស់លោក តែប៉ុណ្ណោះ»។ លោក Beshear បាននិយាយថា«ប៉ុន្តែខ្ញុំគិតថាវាមិនមានការទាស់អ្វីទេជាមួយ នឹងការស្នើសុំលោកប្រធានាធិបតីចូបៃដិន និយាយទៅកាន់ពលរដ្ឋអាមេរិកបន្តិចបន្តួចខ្លះអំពី សុខភាពរបស់លោក ឬអំពីកិច្ចពិភាក្សាដេញដោលរបស់លោកនោះ»។

អតីតប្រធានសភាតំណាងរាស្ត្រលោកស្រី Nancy Pelosi ក៏បានបញ្ចេញមតិរបស់លោកស្រី ផងដែរដោយនិយាយថាលោក Joe Biden គឺជាប្រធានាធិបតីដ៏អស្ចារ្យ ហើយលោកស្រីថ្លែង ថា លោក Donald Trump គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះនីតិរដ្ឋ។ ប៉ុន្តែលោកស្រីក៏បង្ហាញក្តីបារម្ភជុំវិញសុខភាព របស់លោកប្រធានាធិបតីផងដែរ។

** សេណារីយ៉ូបន្ទាប់បន្សំប្រសិនបើគ្មានលោកចូបៃដិន
យោងតាមការស្ទង់មតិ SSRS របស់ទូរទស្សន៍ស៊ីអិនអិន បានបង្ហាញថាមានប្រជាជនអាមេរិក បីភាគបួនជឿថា គណបក្សប្រជាធិបតេយ្យ នឹងមានឱកាសដ៏ប្រសើរជាងមុន ក្នុងការផ្តួលលោក Donald Trump បើសិនជាមានបេក្ខជនថ្មីណាមួយ ក្រៅពីលោក Joe Biden ។ ហើយបើ សូម្បី តែលោកស្រីអនុប្រធានាធិបតី Kamala Harris ដែលមិនសូវមានប្រជាប្រីយ៍ភាពផងនោះ ក៏គេ ជឿថាអាចមានលទ្ធភាពប្រកួតប្រជែងបានល្អ ជាមួយនឹងលោកដូណាល់ត្រាំ។

សញ្ញាដ៏មានគ្រោះថ្នាក់មួយទៀត សម្រាប់ប្រធានាធិបតីនោះ គឺថា បើទោះបីជាលោក បានទទូចថា នឹងបន្តនៅក្នុងការប្រកួតប្រជែង យ៉ាងណាក៏ដោយ ក៏អ្នកប្រជាធិបតេយ្យមួយចំនួន ចាប់ផ្តើមឆ្លើយនូវសំណួរថា តើនឹងមានអ្វីកើតឡើងប្រសិនបើលោក Biden នឹងលែងក្លាយ ជាបេក្ខជនឈរឈ្មោះប្រកួតប្រជែង បើទោះបីជាបញ្ហាតែងតាំងឬមិនតែងតាំងនោះនៅមិន ទាន់មានការបញ្ជាក់លំអិតចុងក្រោយពី មហាសន្និបាតគណបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវធ្វើនៅក្នុងខែ សីហាខាងមុខនេះ។

អ្នកតំណាងរាស្រ្តរដ្ឋ South Carolina លោក James Clyburn ដែលជាអ្នកគាំទ្រដ៏ខ្លាំងក្លាបំផុត របស់លោក Biden បាននិយាយថាលោក នៅតែចង់ឃើញ ប្រធានាធិបតី ចូបៃដិនស្ថិតក្នុងការ តែងតាំងជាដដែល ប៉ុន្តែលោកក៏នឹងគាំទ្រផងដែរដល់ លោកស្រីអនុប្រធានាធិបតីធ្វើជាបេក្ខ ភាពជំនួសលោកចូបៃដិន។ ព្រឹទ្ធសមាជិក Laphonza Butler នៃគណបក្សប្រជាធិបតេយ្យ បាននិយាយដែរថា លោកស្រី គាំទ្រចំពោះលោក Joe Biden។ ប៉ុន្តែបើសិនជា មានការត្រូវជ្រើសរើសបេក្ខជនថ្មីជំនួស គឺ លោកស្រីបានស្នើផ្តល់ការគាំទ្រដល់លោកស្រី Kamala Harris។

នៅក្នុងកិច្ចសម្ភាសន៍មួយរបស់លោក Andy Beshear នៃអភិបាលរដ្ឋ Kentucky លោកក៏មានការកោតសរសើរ ចំពោះ លោកស្រី Kamala Harris បើសិនណាជាលោកចូបៃដិន នឹងសម្រេច ចាកចេញពីការប្រកួតប្រជែងនេះ។ យោងការស្ទង់មតិរបស់ SSRSនៃទូរទស្សន៍ CNN, លោកស្រី Kamala Harris បានស្ថិតក្នុង ពិន្ទុទាបតិចតួចបើប្រៀបធៀបជាមួយនឹងលោកដូណាល់ត្រាំ ខណៈលោកចូបៃដិនកាន់តែ បានពិន្ទុទាបជាងនេះថែមទៀត។

ការស្ទង់មតិរបស់ SSRS បានថ្លែងថាលោកដូណាល់ត្រាំ បានចំណាត់ពិន្ទុ៤៩ភាគរយខណៈ លោកចូបៃដិនទទួលបាន៤៣ភាគរយ គឺ៦ពិន្ទុនៅក្រោមដូណាល់ត្រាំ។ ប៉ុន្តែបើប្រៀបធៀប រវាងលោកដូណាល់ត្រាំនិងលោកស្រី Kamala Harris វិញ ខណៈលោកដូណាល់ត្រាំបាន ពិន្ទុ៤៧ភាគរយ គឺលោកស្រីបានទទួល៤៥ភាគរយ គឺពិន្ទុនៅក្រោម២ភាគរយ។ ទោះជាយ៉ាងណា ក៏ដោយលោកស្រី Kamala Harris នៅតែថ្លែងថាលោកចូបៃដិនគឺជាប្រធានា ធិបតីដែលទទួលបានការកោតគោរព។

លោកស្រីបានថ្លែងថលោក “Joe Biden គឺជាបេក្ខភាពតំណាងរបស់យើង។ យើងបានផ្តួលលោក Donald Trump ម្តង ហើយយើងនឹងផ្តួលគាត់ បានសាជាថ្មីម្តងទៀត»។ លោកស្រី បាន បញ្ជាក់ថាលោកស្រី «មានមោទនភាព ដែលបានក្លាយជាមិត្តរួមការងារ ជាមួយនឹងលោក Joe Biden»៕