(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន នាសប្តាហ៍ក្រោយ ដើម្បីចូលរួម​កិច្ចប្រជុំកំពូលអង្គការ NATO ជាទីដែលរូបលោកត្រូវគេរំពឹងថា នឹងលើកឡើងពីក្តីព្រួយបារម្ភ ជុំវិញកិច្ចសហប្រតិបត្តិការវាងកូរ៉េខាងជើង និងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤។

លោក Kim Tae-hyo ទីប្រឹក្សារងសន្តិសុខជាតិជាតិរបស់លោក Yoon បាននិយាយថា សមាជិក NATO និងក្រុមឥណ្ឌូ-ប៉ាស៉ីហ្វិក​ទាំង៤ គឺកូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី និងនូវែលសេឡង់ នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញារួមគ្នារបស់ពួកគេ ក្នុងការរក្សាការពារសណ្តាប់ធ្នាប់អន្តរជាតិ នៅចំពោះមុខបញ្ហាប្រឈមផ្សេងៗ ដែលត្រូវបានឃើញទាំងនៅអឌ្ឍគោលខាងកើត និងខាងលិច។

លោក ​Kim បានប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃសុក្រនេះយ៉ាងដូច្នេះថា «ជាពិសេស ស្របពេលសង្រ្គាមអ៊ុយក្រែន កំពុងអូសបន្លាយ​៣ឆ្នាំហើយ យើងនឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រសិទ្ធិសេរីភាពរបស់អ៊ុយក្រែន និងការស្តារសន្តិភាពឡើងវិញ។ ពួលយើងនឹងផ្ញើសាររឹងមាំមួយ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ រវាងរុស្ស៉ីនិងកូរ៉េខាងជើង ហើយជជែកអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ រវាងសម្ព័ន្ធមិត្ត NATO និងដៃគូនៅឥណ្ឌូ-ប៉ាស៉ីហ្វិក»

គួរបញ្ជាក់ថា វានឹងជាឆ្នាំទី៣ជាប់គ្នាហើយ ដែលលោក Yoon ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ NATO។ ប្រទេសកូរ៉េខាងត្បូង បានកើត​មានក្តីកង្វល់ កាន់តែខ្លាំងឡើងៗ ជុំវិញទំនាក់ទំនងដែលកាន់តែស្អិតល្មួត រវាងកូរ៉េខាងជើងនិងរុស្ស៉ី។ កូរ៉េខាងជើង ត្រូវបានសង្ស័យថា បំពានទណ្ឌកម្មរបស់អន្តរជាតិ តាមរយៈការលួចផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី ដើម្បីយកទៅប្រើក្នុងសង្រ្គាមអ៊ុយក្រែន ហើយកាលពីខែមិថុនា ប្រធានាធិបតីរុស្ស៉ី បានបើកកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាទីដែលអ្នកទាំងពីរ បានចុះសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងនោះមានទាំង ការតម្រូវឱ្យជួយគ្នាទៅវិញទៅមក ក្នុងករណីភាគីណាមួយ រងការឈ្លានពានប្រដាប់អាវុធ។

កាលពីសប្តាហ៍កន្លងទៅ កូរ៉េខាងជើង ក៏បានថ្កោលទោសផងដែរលើ ការធ្វើសមយុទ្ធយោធាត្រីភាគីទ្រង់ទ្រាយធំ រវាងទីក្រុងសេអ៊ូល តូក្យូ និងវ៉ាស៉ីនតោន នៅកូរ៉េខាងត្បូង ដោយហៅទំនាក់ទំនងរបស់សម្ព័ន្ធមិត្តទាំង៣ ថាប្រៀបដូចជា អង្គការ NATO ប្រចាំនៅតំបន់អាស៉ី យ៉ាងដូច្នោះ ហើយទីក្រុងព្យុងយ៉ាង បានព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរ៕