(សៅប៉ូឡូ)៖ ប៉ូលិសពីរនាក់បានឱ្យដឹងថា ប៉ូលិសសហព័ន្ធប្រេស៉ីល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចោទប្រកាន់ផ្លូវការ ទៅលើអតីតប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro អំពីការលក់គ្រឿងអលង្ការជាអំណោយ ដែលលោកទទួលបាន ក្នុងពេលកាន់អំណាច រួមទាំងវត្ថុប្រណិតៗ ដែលផ្តល់ដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ ២០២៤។

គ្រឿងអលង្ការទាំងនោះ មានខ្លះផលិតដោយក្រុមហ៊ុន Chopard របស់ស្វីសតម្លៃ ៣.២លានដុល្លារ ដូចជាខ្សែកពេជ្រ ចិញ្ចៀន នាឡិកា ក្រវិល ដែលត្រូវបានផ្តល់ជូនលោក Bolsonaro និងភរិយាដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ គ្រឿងអលង្ការមួយចំនួន ត្រូវបានរឹបអូសដោយមន្ត្រីគយ នៅអាកាសយានដ្ឋានអន្តរជាតិសៅប៉ូឡូ កាលពីខែតុលា ឆ្នាំ ២០២១ នៅក្នុងកាបូបស្ពាយរបស់ជំនួយការរដ្ឋាភិបាល ដែលទើបត្រលប់មកពីទីក្រុងរីយ៉ាដ។

ក្នុងការស៉ើបអង្កេតមួយកាលពីឆ្នាំមុន ដែលអនុញ្ញាតដោយចៅក្រមនៃតុលាការកំពូលប្រេស៉ីល លោក Alexandre de Moraes ប៉ូលិសបានចូលឆែកឆេរផ្ទះរបស់មន្ត្រីយោធា ដែលរងការចោទប្រកាន់ថាបានជួយ លោក Bolsonaro លក់គ្រឿងអលង្ការមួយចំនួន នៅក្នុងសហរដ្ឋអាមេរិក។ ប្រភពមួយបានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប៉ូលិសចោទប្រកាន់ លោក Bolsonaro ពីបទលាងលុយកខ្វក់ បង្កើតសមាគមឧក្រិដ្ឋកម្ម និងកេងបន្លំ។ យ៉ាងនេះក្តី ប៉ូលិសសហព័ន្ធប្រេស៉ីលនៅមិនទាន់ឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា នេះគឺជាលើកទីពីរដែលប៉ូលិស បានចោទប្រកាន់ជាផ្លូវការទៅ លោក Bolsonaro ពីបទឧក្រិដ្ឋ ដោយកាលពីខែមីនា ប៉ូលិសក៏បានចោទប្រកាន់ លោក Bolsonaro អំពីការក្លែងបន្លំកំណត់ត្រាវ៉ាក់សាំងកូវីដ១៩៕