(វ៉ាសូវី)៖ មន្រ្តីជាន់ខ្ពស់ប៉ូឡូញមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប៉ូឡូញសង្ឃឹមថានឹងនាំឆ្មាំព្រំដែន និងប៉ូលិសមកពី ហ្វាំងឡង់ អាល្លឺម៉ង់ និងក្រិក ដើម្បីមកជួយល្បាតការពារនៅតំបន់ជាប់ព្រំដែនបេឡារុស ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនូវជនចំណាកស្រុក មកពីភាគខាងកើតចូលទៅអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ ២០២៤។
មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប៉ូឡូញ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ការរៀបចំកំពុងស្ថិតក្នុងដំណើរការ ហើយមានប្រទេសមួយចំនួន ដែលមានបទពិសោធខាងការពារព្រំដែន ឧទាហរណ៍ ដូចជាក្រិក ដែលពោរពេញដោយបទពិសោធ។ ទីភ្នាក់ងារព្រំដែនរបស់ សហភាពអឺរ៉ុប Frontex បានឱ្យដឹងថា ចំនួនមនុស្សដែលព្យាយាមចូលទៅអឺរ៉ុប តាមព្រំដែនភាគខាងកើតប្លុក បានកើនឡើងទ្វេដង ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៤។ ក្រុមមន្ត្រីនៅប៉ូឡូញ និងហ្វាំងឡង់ បានព្រមានថា ចំនួនមនុស្សដែលព្យាយាមឆ្លងដែន កាត់តាមបេឡារុស ឬរុស្ស៉ីអាចកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ថា បញ្ហាព្រំដែនប៉ូឡូញ-បេឡារុស បានឈានដល់ស្ថានការណ៍ថ្មីមួយ ដែលក្រុមមន្ត្រីលោកខាងលិច ចោទប្រកាន់រដ្ឋាភិបាលទីក្រុង Minsk ថាប្រើប្រាស់ជនចំណាកស្រុក ដែលខ្លួននាំមកពីខាងក្រៅអឺរ៉ុបធ្វើជា «យុទ្ធសាស្រ្តសង្រ្គាមកូនកាត់»។ បើតាមរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ជនចំណាកស្រុកដែលចូលមកពីបេឡារុស អាចរាប់បញ្ចូលទាំងក្រុមមនុស្ស ដែលត្រូវបានបណ្តុះបណ្តាល ឱ្យចេះតតាំងជាមួយទាហានប៉ូឡូញទៀតផង៕