(ញូវដែលី)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានជួបជាមួយសមភាគីចិនរបស់លោក គឺលោក Wang Yi នៅឯប្រទេសកាហ្សាក់ស្ថាន ហើយអ្នកទាំងពីរបានមូលមតិគ្នា លើការបង្កើនកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤។
ទីក្រុងញូវដែលីបានឱ្យដឹងថា លោក Jaishankar និងលោក Wang បានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូល នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO ក្នុងរដ្ឋធានី Astana របស់កាហ្សាក់ស្ថាន ជាទីដែលប្រមុខការទូតទាំងពីរ បានបង្ហាញការយល់ឃើញដូចគ្នាថា ការអូសបន្លាយស្ថានការណ៍បច្ចុប្បន្ននៅតំបន់ព្រំដែន គឺមិនមែនជារឿងល្អ សម្រាប់ភាគីណាមួយឡើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌា ភាគីទាំងពីរបានឯកភាពគ្នាបង្កើនជំនួបពិភាក្សា រវាងក្រុមមន្រ្តីការទូតនិងយោធា ដើម្បីដោះស្រាយ បញ្ហានៅសេសសល់ទាំងឡាយ ឱ្យបានឆាប់ៗ។ រីឯបើតាមក្រសួងការបរទេសចិន ក្នុងជំនួបជាមួយលោក Jaishankar លោក Wang បានលើកឡើងថា ចិននិងឥណ្ឌាគួរតែគ្រប់គ្រងឱ្យបានត្រឹមត្រូវ នូវចំណុចខ្វែងគំនិតគ្នា ហើយធានាថា ទំនាក់ទំនងទ្វេភាគីឆ្ពោះទៅមុខ នៅលើគន្លងផ្លូវមួយ ដែលមានស្ថិរភាព។
គួរបញ្ជាក់ថា ទាំងឥណ្ឌា ទាំងចិន សុទ្ធតែបានពង្រឹងទីតាំងរបស់ខ្លួន ហើយដាក់ពង្រាយកងទ័ពក៏ដូចជាសម្ភារៈបន្ថែម នៅតាមបណ្តោយព្រំដែន ចាប់តាំងពីឆ្នាំ២០២០មក ជាពេលដែលហេតុការណ៍ប្រឈមមុខយោធាមួយ បានផ្ទុះឡើង ហើយបណ្តាលឱ្យទាហានឥណ្ឌា យ៉ាងហោច២០នាក់ និងកងទ័ពចិនយ៉ាងហោច៤នាក់ បាត់បង់ជីវិត។ ប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរ គឺជាអ្នកជិតខាងគ្នា ដែលមានទំនាក់ទំនងតានតឹង រាប់ទសវត្សរ៍មកហើយ ក្រោយសង្រ្គាមបង្ហូរឈាម នៅព្រំដែនកាលពីឆ្នាំ១៩៦២៕