(តេហេរ៉ង់)៖ ដំណើរការបោះឆ្នោតបាននិងកំពុងតែប្រព្រឹត្តទៅ នាថ្ងៃសុក្រនេះ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ជុំចុងក្រោយ រវាងលោក Masoud Pezeshkian ដែលមាននិន្នាការកំណែទម្រង់និយម និងលោក Saeed Jalili ដែលជាអភិរក្សនិយមខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងមហាផ្ទៃអ៉ីរ៉ង់ បានប្រកាសយ៉ាងដូច្នេះថា «ពួកយើងកំពុងចាប់ផ្តើមជុំទី២ នៃការបោះឆ្នោតប្រធានាធិបតីលើកទី១៤ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ក្នុងចំណោមបេក្ខជន២រូប នៅតាមមណ្ឌលបោះឆ្នោតសរុបចំនួន ៥៨,៦៣៨កន្លែង ក្នុងប្រទេស ព្រមទាំងនៅតាមមណ្ឌលនានា ដែលនៅក្រៅប្រទេស»។
ក្នុងការបោះឆ្នោតជុំទី១ កាលពីសប្តាហ៍មុន លោក Pezeshkian ដែលជាបេក្ខជនកំណែទម្រង់និយមតែម្នាក់គត់ ដែលត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះប្រកួតប្រជែង បានឈ្នះសំឡេងគាំទ្រច្រើនជាងគេបង្អស់ គឺប្រមាណជា៤២ភាគរយ ខណៈលោក Jalili ដែលជាអតីតមន្រ្តីទទួលបន្ទុកចរចាបញ្ហានុយក្លេអ៊ែរ ទទួលបានការគាំទ្រ ស្ថិតនៅចំណាត់ថ្នាក់ទី២ ជាមួយសំឡេង៣៩ភាគរយ។ ចំណែកឯ បេក្ខជន២នាក់ផ្សេងទៀត គឺប្រធានសភាអ៉ីរ៉ង់ លោក Mohammad Bgher Ghalibaf ឈរនៅលេខរៀងទី២ ជាមួយសំឡេង១៣.៨ភាគរយ ខណៈបុព្វជិត ឈ្មោះ Mostafa Pourmohammadi ទទួលបានការគាំទ្រមិនដល់ សូម្បីតែ១ភាគរយ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៉ីរ៉ង់ ដំបូងឡើយគឺត្រូវធ្វើឡើងនៅឆ្នាំ២០២៥ឯណោះទេ ប៉ុន្តែវាបានប្រព្រឹត្តទៅមុនពេលកំណត់បែបនេះ ដោយសារប្រធានាធិបតីលោក Ebrahim Raisi បានទទួលមរណភាព នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា។ តែ៤០ភាគរយប៉ុណ្ណោះ នៃប្រជាជនអ៉ីរ៉ង់មានសិទ្ធិបោះឆ្នោតសរុប ៦១លាននាក់ ដែលបានទៅចូលរួមបោះឆ្នោត ពោលគឺជាអត្រាទាបបំផុត គិតចាប់តាំងពីបដិវត្តន៍អ៉ីស្លាម ឆ្នាំ១៩៧៩។ កាលពីថ្ងៃពុធសប្តាហ៍នេះ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលជាអ្នកមានសិទ្ធិសម្រេចផ្តាច់មុខគ្រប់បែបយ៉ាង ចំពោះកិច្ចការរដ្ឋរបស់អ៉ីរ៉ង់ បានអំពាវនាវឱ្យប្រជាជន ទៅចូលរួមបោះឆ្នោតឱ្យផុសផុល ជាងការបោះឆ្នោតជុំទី១ សម្រាប់ការបោះឆ្នោតជុំចុងក្រោយ៕