(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកសម្រេចចិត្តបញ្ជូនគណៈប្រតិភូ ដើម្បីទៅចរចាជាមួយក្រុមហាម៉ាសឡើងវិញ ជុំវិញកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ ២០២៤។

មន្រ្តីមួយរូបក្នុងក្រុមអ្នកចរចាអ៉ីស្រាអែល បានប្រាប់ Reuters ដោយសុំមិនបញ្ចេញឈ្មោះថា នេះឱកាសពិតប្រាកដ ដើម្បីអាចសម្រេចបាននូវកិច្ចព្រមព្រៀង បន្ទាប់ពីក្រុមហាម៉ាសធ្វើសំណើកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ ប្រមុខនៃទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ Mossad នឹងដឹកនាំគណៈប្រតិភូសម្រាប់កិច្ចពិភាក្សានេះ។ ប្រភពដដែលបញ្ជាក់ថា «ផែនការដែល​ក្រុម​ហាម៉ាស​ដាក់​ចេញ មាន​បញ្ចូល​នូវការ​ទម្លាយភាពជាប់គាំងដ៏សំខាន់មួយ»

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ អ៉ីស្រាអែល បានទទួលការឆ្លើយតបពីក្រុមហាម៉ាស ចំពោះផែនការមួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីចុងខែឧសភា ដោយលោក Biden ដែលរួមបញ្ចូលនូវការដោះលែងចំណាប់ខ្មាំងប្រហែល ១២០នាក់ និងបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ បើតាមសេតវិមាន លោក Biden និងលោក Netanyahu បានពិភាក្សាគ្នាតាមទូរស័ព្ទ អំពីរបៀបឆ្លើយតបទៅនឹងផែនការរបស់ក្រុមហាម៉ាស លើលក្ខខណ្ឌដែលមាននៃកិច្ចព្រមព្រៀងអ៉ីស្រាអែល-ហាម៉ាស៕