(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃសុក្រ ទី៥ ខែកក្កដានេះបានរាយការណ៍ថាបុរសម្នាក់មានអាយុ៦៧ឆ្នាំ ដែលបានយកកាំបិតចាក់មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជា បក្សប្រឆាំងនៅកូរ៉េខាងត្បូង កាលពីខែមករា ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការប្រកាសសាលក្រមកាត់ទោស ចៅក្រមម្នាក់មកពីតុលាការមួយក្នុងទីក្រុង Busan បាននិយាយថាបទឧក្រិដ្ឋដែលបានកើតឡើង នៅមុនការបោះឆ្នោតសកលគឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ និងការជាការប៉ុនប៉ងបំផ្លាញប្រជាធិបតេយ្យ។ បើតាម Yonhap ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានស្នើឱ្យតុលាការផ្តន្ទាទោសជនល្មើសមាននាមត្រកូលគីម ដាក់ពន្ធនាគារ២០ឆ្នាំ។

គួរបញ្ជាក់ថា លោក Lee Jae-myung ដែលទើបតែលាលែងចេញពីតំណែងជាប្រធានគណបក្សប្រជាធិបតេយ្យកាលពីពេលថ្មីៗនេះ ត្រូវបានជនល្មើសខាងលើចាក់ឱ្យរងរបួសធ្ងន់ធ្ងរ អំឡុង ធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Busan កាលពីខែមករាកន្លងទៅ។ គណបក្សរបស់លោក Lee បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភាកាលពីខែមេសា៕